ព័ត៌មានក្នុងប្រទេស

អបអរសាទរ​ខួបលេីកទី២៥ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ការជួយមនុស្សចាស់គឺការជួយយើងទាំងអស់គ្នា”

ខេត្តកោះកុង​៖​ ថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ”ការជួយមនុស្សចាស់គឺការជួយយើងទាំងអស់គ្នា” នៅស្រុកស្រែអំបិល ខេត្តកោះកុង

លោកស្រី ឈី វ៉ា បាន​អានសារលិខិតទាំងស្រុង របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីបន្ថែម​ថា លោកយាយ លោកតា អ៊ំ មា មីង ជា​មនុស្ស​វ័យ​ចាស់ និង​បុព្វការី​ជន ជា​អ្នក​ផ្តល់ និង​រក្សា​ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ល្អ កេរ្តិ៍មរតក សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប អប់រំ​ប្រៀន​ប្រដៅ​ប្រកប​ដោយ​គតិបណ្ឌិត ផ្តល់​នូវ​ចំណេះដឹង ចំណេះ​ធ្វើ ជំនាញ​វិជ្ជាជីវៈ និង​បទពិសោធន៍​យ៉ាង​ច្រើន សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

សម្រាប់រាជរដ្ឋាភិបាល អាណត្តិ​ទី៧ បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​វ័យ​ចាស់ ដោយ​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យ​ចាស់ ឆ្នាំ ២០១៧-២០៣០ ក្របខណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ ២០១៦-២០២៥ កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សម្រាប់​ការ​កសាង ការពារ​មាតុភូមិ ឆ្នាំ ២០២៣-២០២៨ ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ផ្ដល់​សេវា​សង្គមកិច្ច​ចំពោះ​ជន​ចាស់ជរា។
ទន្ទឹមនេះ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បង្កើន​ការ​ចុះ​ពិនិត្យ​ស្រង់​កំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព​ឲ្យ​ជាក់លាក់ សំដៅ​ធ្វើ​យ៉ាង​ណា​ផ្តល់​សេវា​គាំពារ​សង្គម​បាន​ឆាប់រហ័ស៕