ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកកំរៀង បង្រ្កាបឃាត់ខ្លួ​នមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់២នាក់អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍​ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី នៅចំណុចភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហូរ សំអឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១,៣៦ក្រាម ។
-ដែកកេះចំនួន០៣ ។
ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ចាន់ ណារួន ហៅដប ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងបានបន្តធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥កូនថង់ ទម្ងន់ ១៨,៥៦ក្រាម ។
-កូនថង់សំរាប់រំលែកច្រកថ្នាំញៀនលក់ មួយចំនួន ។
នាពេលនេះ​ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងកំពុងកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕