ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តអញ្ជើញចូលរួម ប្រារព្វព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១​ឆ្នាំ

មណ្ឌលគិរី៖  នៅព្រឹកថ្ងៃពុធ៤កើត ខែអស្សុជឆ្នាំថោះ បញ្ចស័ក..ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ឋព្រះបរមរតនកោដ្ឋគម្រប់ខួប១១ឆ្នាំ ពិធីនេះបានប្រារព្ឋធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីថ្នាក់ដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ក្រុមយុវជនសិស្សានុសិស្សជាច្រើនរូបបានអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

ការអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុព្រះបរមរតនកោដ្ឋដើម្បីថ្វាយព្រះរាជកុសលនិងរំលឹកដឹងគុណពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំងអស់ជិតមួយសតវត្ស​(៩០ឆ្នាំ) បានពេញលេញមកវិញនាឆ្នាំ១៩៥៣។

គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋព្រះអង្គបានប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក . ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ហើយព្រះអង្គបានយាងចូលព្រះទិវង្គត់ កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក .២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕