ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ធ្វើទស្សនកិច្ចទៅកាន់អ៊ីស្រាអែលនៅថ្ងៃពុធនេះដើម្បីបង្ហាញពីសាមគ្គីភាពដល់សម្ព័ន្ធមិត្តមួយនេះ

(តែល អាវីវ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១៧ តុលា ឆ្នាំ២០២៣ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា នៅថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្ត ដើម្បីបង្ហាញសាមគ្គីភាពក្នុងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាស្វែងរកការសហការពីអ៊ីស្រាអែលលើជំនួយស៊ីវិលសម្រាប់តំបន់ ហ្គាហ្សា (Gaza) ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងខិន (Antony Blinken) បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីជំនួបរយៈពេលជិត ៨ម៉ោងជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាឱកាសបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ជាលើកទី២របស់លោក ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី៧​ ខែតុលាមក។

តាមការបញ្ជាក់របស់លោក ប្លីងខិន (Blinken) កាលពីថ្ងៃអង្គារម្សិលមិញ ដំណើរទស្សនកិច្ចនៅអ៊ីស្រាអែល ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងអះអាងឡើងវិញពីសាមគ្គីភាពរបស់ សហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល រួមទាំងការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះសន្តិសុខរបស់អ៊ីស្រាអែល។

ក្រៅពីនេះ ប្រមុខការទូតអាមេរិករូបនេះក៏បានសង្កត់ធ្ងន់ដែរថា អ៊ីស្រាអែលមានសិទ្ធិ និងភាពចាំបាច់ដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស និងភេរវករដទៃទៀត និងដើម្បីបង្ការកុំឱ្យមានការវាយប្រហារជាថ្មីនៅពេលអនាគត។
លោក ប្លីងខិន (Blinken) បានបញ្ជាក់បន្ថែមទៀតថា «លោក បៃដិន នឹងស្ដាប់អ្វីដែលអ៊ីស្រាអែលត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន ខណៈយើងកំពុងបន្តធ្វើកិច្ចការជាមួយសភាសំដៅបំពេញតម្រូវការទាំងនោះ»

ជុំវិញដំណើរទស្សនកិច្ចខាងលើនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានឱ្យដឹងផងដែរថា បន្ទាប់ពីទស្សនកិច្ចទៅកាន់ទីក្រុង តែល អាវីវ (Tel Aviv) ប្រទេសអ៊ីស្រាអែល លោក បៃដិន ក៏គ្រោងបន្តធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៊ីបដែរ។

ទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់មជ្ឈឹមបូព៌ានៅពេលនេះ ក៏អាចរួមមានផងដែរនូវការស្វែងរកការសម្របសម្រួលដើម្បីបន្ធូរបន្ថយស្ថានការណ៍ កុំក្លាយសង្រ្គាមរាលដាលក្លាយជាសង្រ្គាមតំបន់ ក្រោយអ៊ីស្រាអែលប្រកាសបោសសម្អាតក្រុមហាម៉ាសឲ្យអស់ពីផែនដី ហើយប្រទេសក្នុងតំបន់ក៏ដូចជាមហាអំណាចមួយចំនួនដែលគាំទ្រក្រុមហាម៉ាសបានចេញសារព្រមានពីការប្រកាសរបស់អ៊ីស្រាអែលខាងលើនេះ៕