ឥណ្ឌូណេស៊ីដាក់ដំណើរការរថភ្លើងល្បឿនលឿនដំបូងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍តម្លៃ ៧ពាន់លានដុល្លារក្រោមការគាំទ្រពីចិន
(ហ្សាការតា)៖ នៅថ្ងៃចន្ទ ទី០២ តុលាដើមសប្តាហ៍នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់ដំណើរការជាផ្លូវការ ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលជាគម្រោងមានតម្លៃ ៧ពាន់លានដុល្លារអាមេរិក និងទទួលបានការគាំទ្រពីចិនតាមរយៈគម្រោងខ្សែក្រវ៉ាត់និងផ្លូវ ហើយត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) សាទរថាជា និមិត្តរូបមួយនៃការធ្វើទំនើបកម្មរបស់ប្រទេសអាស៊ានមួយនេះ។
ជាមួយល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿន «Whoosh» របស់ឥណ្ឌូណេស៊ី អាចរត់ទៅមករវាងរដ្ឋធានីហ្សាការតា និងទីក្រុងបានឌុង (Bandung) ប្រទេសចិនក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដោយជាធម្មតា គេត្រូវធ្វើដំណើរ ប្រមាណខ្ទង់៣ម៉ោងតាមរយៈរថភ្លើងធម្មតាក្នុងរយៈចម្ងាយសរុប ១៥០គីឡូម៉ែត្រ។ លោក វីដូដូ (Widodo) បានបញ្ជាក់ថា រថភ្លើងខាងលើមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបាន ៦០០នាក់ ហើយគឺជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់់នៅអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន PT KCIC ដែលរួមផ្សំឡើងពីក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ីចំនួន០៤ ជាមួយនិងក្រុមហ៊ុន China Railway International Co. របស់ចិន។ គម្រោងនេះពីដំបូងឡើយ ត្រូវបានកំណត់គោលដៅថា នឹងចំណាយថវិកាក្រោម ៥ពាន់លានដុល្លារប៉ុណ្ណោះ ហើយសម្រេចថាចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០១៩ ប៉ុន្តែដំណើរការត្រូវបានពន្យារពេលដោយសារបញ្ហាប្រឈមនៃដំណើរការសាងសង់ បូករួមជាមួយវិបត្តិជំងឺកូវីដ-១៩ ដែលបាននាំឱ្យថវិកាចំណាយត្រូវកើនឡើងខ្ពស់។
រថភ្លើងល្បឿនលឿន «Whoosh» គឺជាជោគជ័យមួយរបស់ឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ចិនក្នុងនាមជាមហាអំណាចកំពូលក្នុងតំបន់អាស៊ី ក៏មានចំណែកនៅក្នុងជោគជ័យនេះដែរ ព្រោះប្រទេសនេះបានចេញលុយ និងបានចូលរួមសាងសង់សមិទ្ធិផលនេះជាមួយឥណ្ឌូណេស៊ី។
រដ្ឋមន្រ្តីឥណ្ឌូណេស៊ីមួយរូបបានឲ្យដឹងថា លោកប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងអញ្ជើញប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដើម្បីជិះរថភ្លើងល្បឿនលឿនថ្មីនេះ ក្នុងឱកាសទស្សនកិច្ចរបស់លោកនៅប្រទេសឥណ្ឌូណេស៊ីនាពេលខាងមុខ៕