ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ីដាក់ដំណើរការរថភ្លើងល្បឿនលឿនដំបូងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍តម្លៃ ៧ពាន់លានដុល្លារក្រោមការគាំទ្រពីចិន

(ហ្សាការតា)៖ នៅថ្ងៃចន្ទ ទី០២ តុលាដើមសប្តាហ៍នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់ដំណើរការជាផ្លូវការ ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលជាគម្រោងមានតម្លៃ ៧ពាន់លានដុល្លារអាមេរិក  និងទទួលបានការគាំទ្រពីចិនតាមរយៈគម្រោងខ្សែក្រវ៉ាត់និងផ្លូវ ហើយត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) សាទរថាជា និមិត្តរូបមួយនៃការធ្វើទំនើបកម្មរបស់ប្រទេសអាស៊ានមួយនេះ។

ជាមួយល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿន «Whoosh» របស់ឥណ្ឌូណេស៊ី អាចរត់ទៅមករវាងរដ្ឋធានីហ្សាការតា និងទីក្រុងបានឌុង (Bandung) ប្រទេសចិនក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដោយជាធម្មតា គេត្រូវធ្វើដំណើរ ប្រមាណខ្ទង់៣ម៉ោងតាមរយៈរថភ្លើងធម្មតាក្នុងរយៈចម្ងាយសរុប ១៥០គីឡូម៉ែត្រ។  លោក វីដូដូ (Widodo) បានបញ្ជាក់ថា រថភ្លើងខាងលើមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបាន ៦០០នាក់ ហើយគឺជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់់នៅអាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ត្រូវបានសាងសង់ដោយ​ក្រុមហ៊ុន PT KCIC ដែលរួមផ្សំឡើងពីក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៊ីចំនួន០៤ ជាមួយនិងក្រុមហ៊ុន China Railway International Co. របស់ចិន។ គម្រោងនេះពីដំបូងឡើយ ត្រូវបានកំណត់គោលដៅថា នឹងចំណាយថវិកាក្រោម ៥ពាន់លានដុល្លារប៉ុណ្ណោះ ហើយសម្រេចថាចប់ជា​ស្ថាពរនៅត្រឹមឆ្នាំ២០១៩ ប៉ុន្តែដំណើរការត្រូវបានពន្យារពេលដោយសារ​បញ្ហាប្រឈមនៃដំណើរការសាងសង់ បូករួមជាមួយវិបត្តិជំងឺកូវីដ-១៩ ដែលបាននាំឱ្យថវិកាចំណាយត្រូវកើនឡើងខ្ពស់។

រថភ្លើង​ល្បឿនលឿន «Whoosh» គឺជា​ជោគជ័យ​មួយ​របស់​ឥណ្ឌូណេស៊ី​ក្នុង​នាម​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី១ នៅ​អាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ ​ចិន​ក្នុងនាមជាមហាអំណាចកំពូលក្នុងតំបន់អាស៊ី ក៏​មាន​ចំណែក​នៅ​ក្នុង​ជោគជ័យ​នេះ​ដែរ ព្រោះ​ប្រទេសនេះ​បាន​ចេញ​លុយ និង​បាន​ចូលរួម​សាងសង់សមិទ្ធិផលនេះ​ជាមួយ​ឥណ្ឌូណេស៊ី។

រដ្ឋមន្រ្តី​ឥណ្ឌូណេស៊ី​មួយរូប​បាន​​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោង​អញ្ជើញ​ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង ​ដើម្បី​ជិះ​រថភ្លើង​ល្បឿនលឿនថ្មីនេះ ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​នៅប្រទេស​ឥណ្ឌូណេស៊ី​នា​ពេល​ខាង​មុខ៕