រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយពីច្បាប់ស្តីពី ជលផល ប្រភេទឧបករណ៍នេសាទដែលត្រូវហាមឃាត និងយុទ្ធនាការប្រគល់ឧបករណ៍នេសាទខុសច្បាប់នៅស្រុកល្វាឯម

ខេត្តកណ្ដាល៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធពិសេសប្រជាពលរដ្ឋ នៅក្នុងស្រុកល្វាឯម សូមធ្វើការសហការរាយការណ៍បទល្មើសនេសាទទាំងអស់ដែលកើតមានឡើងនៅភូមិសាស្ត្ររបស់ខ្លួន ដើម្បីរួមគ្នាបង្ក្រាប និងទប់ស្កាត់ឱ្យទាន់ពេលវេលា ដើម្បីធានានូវធនធានជលផលស្តុកក្នុង បឹង ទន្លេធម្មជាតិអោយបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូនក្នុងស្រុកល្វាឯមឡើងវិញ។ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានស្នើសុំបែបនេះក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីច្បាប់ស្តីពី ជលផល ប្រភេទឧបករណ៍នេសាទដែលត្រូវហាមឃាត និងយុទ្ធនាការប្រគល់ឧបករណ៍នេសាទខុសច្បាប់ នៅស្រុកល្វាឯម នៅថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាស្រុកល្វាឯម។ លោកនាយខណ្ឌរដ្ឋបាលជលផលកណ្តាល បន្តថា៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមើលម៉ាត់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសក្នុងរដូវបិទនេសាទ មិនត្រូវឱ្យមានឧបករណ៍ហាមឃាត់នេសាទក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ ទន្ទឹមនឹងនោះមិនត្រូវអត់អោនឱ្យអ្នកប្រព្រឹត្តបទល្មើសនេសាទ ដោយប្រើឧបករណ៍នេសាទឆក់ត្រជាក់ និងក្តៅ ដែលបានប្រព្រឹត្តបទល្មើសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ ៕