ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ម្នាក់ នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍​ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ វេលាម៉ោង១២និង៥០នាទី នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី០៥ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សរបួសធ្ងន់ម្នាក់។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក TOYOTA SIENNA ស៊េរី១៩៩៨ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2M-7325 បើកបរដោយឈ្មោះ គង់ សុខជឿន ភេទប្រុស អាយុ ៤៣ឆ្នាំ មានលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបុកនិងម៉ូតូ ១គ្រឿង ម៉ាក HONDA-CLICK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1K-1737 បើកបរដោយឈ្មោះ វឿន វិត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលអោយរងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ម៉ូតូម៉ាក HONDA-CLICK ធ្វើដំណើរឆ្លងផ្លូវពីទិសខាងកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក TOYOTA SIENNA ធ្វើដំណើរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើងក្នុងល្បឿនលឿន ក៏បណ្ដាលឱ្យរថយន្តបុកម៉ូតូចំផ្នែខាងឆ្វេងតែម្ដង។ បច្ចុប្បន្ន នគរបាលស្រុកថ្មគោលបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតីវិធី ចំណែកឯជនរងគ្រោះរងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕