ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុគ្គលិកបម្រើការងារនៅហាងស្រាក្រឡុកសួនមានជ័យ និងបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបសុីឈ័ន បើកការប្រយុទ្ធគ្នាយ៉ាងសាហាវ

បន្ទាយមានជ័យ ៖ ករណីក្មេងស្ទាវ ២ក្រុមដេញកាប់គ្នា នៅវេលាម៉ោង២ ឈានចូលម៉ោង ៣ទាបភ្លឺ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទីតាំងស្រាក្រឡុក ទល់មុខបបរសក់វែង សួនមានជ័យ(វេទិកាខេត្ត)។

ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងមើងម៉ាត់ ដល់លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ធ្វើការដឹកនាំចុះស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនដៃដល់ ជាជនបង្កមួយក្រុមទៀត រួមជាមួយវត្ថុតាងមួយចំនួន នៅវេលាម៉ោង ៦:០០នាទីព្រឹកនាថ្ងៃកើតហេតុខាងលើ ដែលបានរត់គេចខ្លួនសម្ងំនៅទីតាំងផ្ទះជួលមួយកន្លែងនៅទីតាំងផ្លូវលេខ៥ ស្ថិតនៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា៖ ក្នុងករណីក្មេងស្ទាវកាប់គ្នាទាំងពីរក្រុមនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃើញ៖ ក្រុមទី១,ជាបុគ្គលិកបម្រើការងារនៅហាងស្រាក្រឡុកសួនមានជ័យ(វេទិការខេត្ត) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្រុមទី២,ជាបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបសុីឈ័ន ផ្លូវលេខ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីភ័ណ។

ជាមួយគ្នានឹងការចុះឃាត់ខ្លួននោះលោក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនជនបង្កជាជនដៃដល់យកទៅមូលដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំស្រាវជ្រាវរកបក្ខពួកបន្ត និងចាត់ការតាមនីតិវិធីច្បាប់៕