ព័ត៌មានអន្តរជាតិ

ចិន​ទទូច​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់ការ​ធ្វើ​ទុក្ខបុកម្នេញ​លើនិស្សិត​ចិនក្នុងប្រទេសក្រោមហេតុផល​សន្តិសុខ​ជាតិ

(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទដើមសប្តាហ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលចិន បានទទូចឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើនិស្សិតរបស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេសនេះក្រោមហេតុផល​សន្តិសុខ​ជាតិ។​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន (Wang Wenbin) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅថា «សហរដ្ឋអាមេរិកបានឃុំខ្លួន សួរចម្លើយ និងនិរទេសនិស្សិតចិនដោយគ្មានហេតុផល និងប្រឌិតការចោទប្រកាន់ប្រឆាំងនឹងពួកគេ»

លោក វ៉ាង (Wang) បានធ្វើការកត់សម្គាល់បែបនេះ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា ថ្មីៗនេះ ភ្នាក់ងារ FBI របស់អាមេរិកបានលួចព័ត៌មានផ្ទាល់ខ្លួនរបស់និស្សិតចិនម្នាក់ ពីឯកសារកម្មវិធីសិក្សារបស់គាត់ ហើយបានចាប់ខ្លួនគាត់ និងចោទប្រកាន់គាត់ពីបទ «ក្លែងបន្លំទិដ្ឋាការ»។ ជាមួយគ្នានេះ និស្សិតចិនចំនួន ០៣នាក់ផ្សេងទៀត ក៏ត្រូវបានឃុំខ្លួន សួរចម្លើយ និងនិរទេសដោយគយ និងឆ្មាំការពារព្រំដែនអាមេរិកដោយគ្មានភស្តុតាង ឬមូលដ្ឋានត្រឹមត្រូវផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមថា ការ​ផ្លាស់​ប្តូរ​ផ្នែក​សិក្សា​អប់រំ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យាគឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីអាមេរិកតែងតែអះអាងថា គាំទ្រដល់ការផ្លាស់ប្តូរការអប់រំ និងប្រជាជនរវាងប្រទេសទាំងពីរ និងស្វាគមន៍និស្សិតចិន ប៉ុន្តែតាមពិត វានៅតែបន្តការអនុវត្តការរឹតត្បិតបែបរើសអើង និងពង្រីកគំនិតសន្តិសុខជាតិជ្រុលហួសហេតុ។

លោក វ៉ាង (Wang) បានបន្តថា «នេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់និស្សិតចិន និងធ្វើឱ្យខូចដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនធម្មតា និងកិច្ចសហប្រតិបត្តិការអប់រំរវាងប្រទេសទាំងពីរ»

ទន្ទឹមគ្នានេះ លោក វ៉ាង (Wang) បានបបន្ថែមទៀតថា «យើងជំរុញឱ្យសហរដ្ឋអាមេរិកស្វាគមន៍ ដោយស្មោះស្ម័គ្រចំពោះនិស្សិតចិនដូចដែលខ្លួនបាននិយាយ ដែលមិនលំអៀង និងរើសអើង ហើយបញ្ឈប់ធ្វើទុក្ខបុកម្នេញនិស្សិតចិននៅសហរដ្ឋអាមេរិកក្នុងនាមសន្តិសុខជាតិ»

ជាចុងក្រោយ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិន និងក្រើនរំលឹកដល់និស្សិតរបស់ខ្លួន ដែលទៅសហរដ្ឋអាមេរិក ឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យបែបនេះ៕