ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនដៃដល់ម្នាក់ប្រេីប្រាស់ចបកាប់វាយបំផ្លាញសម្ភារៈក្នុងផ្ទះត្រូវសមត្ថកិច្ចស្រុកបាណន់បង្ក្រាបឃាត់ខ្លួន

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥និង១០នាទី ស្ថិតនៅចំណុចភូមិឈេីទាល​ ឃុំឈេីទាល​ ស្រុកបាណន់​ ខេត្តបាត់ដំបង មានករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (អំពេីហិង្សាក្នុងគ្រួសារ)​ ដែលប្រព្រឹត្តឡេីងដោយជនសង្ស័យម្នាក់ឈ្មោះ​ សេង​ តុលា​ ហៅ​តូរ៉ូ​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ មានទីលំនៅភូមិឈេីទាល​ ឃុំឈេីទាល​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ បានបង្ករករឿងឈ្លោះប្រកែកជាមួយឪពុកបង្កេីតរបស់ខ្លួន ឈ្មោះ​ ហ៉ីង​ សុវណ្ណ​ អាយុ៧៥ឆ្នាំ​ រស់នៅក្នុងផ្ទះជាមួយគ្នា​ និងបានប្រេីប្រាស់ចបកាប់វាយបំផ្លាញសម្ភារៈដូចជា:
-បែកពាងទឹកអស់ចំនួន០២
-វាយបំបែកតុថ្មចំនួន០១
-បែកបាក់កៅអីថ្មចំនួន០២
-បែកឆ្នាំងភ្លេីងដាំបាយចំនួន០១
-បែកចង្ក្រានចំនួន០១ ដោយគ្មានមូលហេតុ។
ក្រោយទទួលបណ្តឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការនគរបាលស្រុក បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង​ តុលា​ ហៅ​ តូរ៉ូ​ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា​ ខ្លួ​នពិតជាបានធ្វើសកម្មភាពប្រើប្រាស់ចបកាប់វាយបំផ្លាញសម្ភារៈប្រើប្រាស់របស់ជនរងគ្រោះពិតប្រាកដមែន។ សមត្ថកិច្ចប្រាប់អោយដឹងថា ជនសង្ស័យជាមនុស្សប្រេីប្រាស់គ្រឿងញៀន។ ដកហូតវត្ថុតាង ចបកាប់ចំនួន ០១ដើម។
ករណីនេះ ជនសង្ស័យខាងលើត្រូវកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕