ព័ត៌មានក្នុងប្រទេស

វគ្គបណ្ដុះបណ្ដាល អ្នកស្ម័គ្រចិត្តចំនួន២៦រូប កាកបាទក្រហមកម្ពុជា នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជំងឺអេដស៍ពុំដែលភ្លេចយើងនោះទេ មានតែយើងទេដែលភ្លេចអេដស៍ ដូចនេះហើយយើងទាំងអស់គ្នាត្រូវតែការពារជានិច្ចនេះគឺជាប្រសាសន៍លើកឡើងរបស់លោកបណ្ឌិត វ៉ា សុភ័ក្រ ដែលជាប្រធានការិយាល័យការពារជំងឺឆ្លងនិងមិនឆ្លងកាកបាទក្រហមកម្ពុជា  ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកាកបាទ កម្ពុជានៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមជាអ្នកស្ម័គ្រចិត្តចូលរួមសរុបចំនួន ២៦រូប  ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល០២ថ្ងៃពេញជាគម្រោងលើកកម្ពស់ការទទួលបាននូវការព្យាបាលនិងការថែទាំដោយជនចំណាកស្រុករស់នៅជាមួយអេដស៍ ជំងឺអេដស៍ពិសេសតំបន់ក្រុងប៉ោយប៉ែតជាប់នឹងព្រំប្រទល់នៃប្រទេសថៃដែលសម្បូរទៅដោយអ្នកចំណាកស្រុកច្រើន។វគ្គបណ្ដុះបណ្ដាលនេះ បានជំនួយឧបត្ថម្ភថវិកាពីកាកបាទក្រហមនៃប្រទេសអ៊ីតាលី និងសហព័ន្ធអន្តរជាតិតាមរយៈកាកបាទក្រហមកម្ពុជាគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះដើម្បីធ្វើបច្ចុប្បន្នព័ត៌មានចំណេះដឹងជំនាញជាក់លាក់ ដល់អ្នកស្ម័គ្រចិត្តក្នុងការអនុវត្តនូវគម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក  ធូ ស៊ីភ័ណនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកបណ្ឌិត វ៉ា សុ  ភក្រ  ប្រធានការិយាល័យជំងឺឆ្លងកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា៖ គោលបំណងសំខាន់ នៃវគ្គបណ្ដុះបណ្ដាលនេះគឺ  ទី១/-ពង្រឹងសមត្ថភាពបុគ្គលិកអ្នកស្ម័គ្រចិត្តអង្គការរៀបចំដែលសកម្មភាព  ការផ្សព្វផ្សាយស្ដីពីមេរោគអេដស៍ ជំងឺអេដស៍ដែលមានការកើនឡើង ។  ទី២/-គឺផ្តល់នូវចំណេះដឹងវិធានការការពារមេរោគអេដស៍ ជំងឺអេដស៍ រួមបញ្ចូលទាំងការគាំទ្រផ្នែកសុខភាពផ្លូវចិត្តនិងចិត្តសាស្ត្ររួមទាំង ប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ។  ទី៣/-ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍ត្រូវបានទទួលការព្យាបាលដោយថ្នាំ ARV  ប្រកបដោយនិរន្តរភាព ។

ចុងក្រោយ លោក ធូ ស៊ីភ័ណ ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនដែលជាសិក្ខាកាមអ្នកស្ម័គ្រចិត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ពីគ្រូឧទ្ទេស ដើម្បីជាចំណេះដឹងយកទៅអនុវត្តបន្តឲ្យទទួលបានភាពជោគជ័យ  ៕