រដ្ឋបាលរាជធានី-ខេត្ត

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ ទូទាំងខេត្តត្បូងឃ្មុំ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរង នៃគណៈអភិបាលខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត កុំ៣ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង ត្រូវបង្ក្រាបរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងស៊ីសងតាមអនឡាញឱ្យខានតែបាន ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។

បើសិនជាមានតាមបណ្តាមូលដ្ឋានណាមួយនោះ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកមេភូមិ-មេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍ទាំង៦៤ឃុំ-សង្កាត់ ត្រូវទទួលខុសត្រូវ ហើយរដ្ឋបាលខេត្តនឹងចាត់វិធានការផងដែរ។

ម្យ៉ាងទៀតចំពោះបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទក៏ដូចគ្នាដែរ សមត្ថកិច្ចត្រូវតែដឹកនាំបង្ក្រាបឱ្យអស់មិនឱ្យសល់ឡើយ បើឃុំ/ស្រុកណាធ្វើមិនបាន ត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ចំណុចសំខាន់បន្ថែមទៀតនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត គូសបញ្ជាក់ថា នៅថ្ងៃ២២ និង២៣ សីហា ខ្លីខាងមុខនេះ ត្រៀមកងកម្លាំងទាំង៣ប្រភេទរួចជាស្រេច ចំពោះ បុគ្គលណា ក្រុមណា ដែលមានបំណងអាក្រក់ញ៉ុះញ៉ង់ប្រជាពលរដ្ឋ ឲ្យប្រឆាំងតវ៉ា សម្រាប់រាជរដ្ឋាភិបាលថ្មី ស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតត្រឹមត្រូវ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នោះត្រូវចាត់ការតាមច្បាប់ជាធរមាន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានជាលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើចោរកម្ម ឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយកាកបាទក្រហមខេត្ត ត្រូវត្រៀមសម្ភារៈ គ្រឿងឧបភោគបរិភោគ ពូជដំណាំ និងទីទួលមានសុវត្ថិភាពឱ្យបានរួចជាស្រេច ដើម្បីបង្ការទុកជាមុននៅពេលមានទឹកជំនន់ទន្លេមេគង្គហក់ឡើង ត្រូវជម្លៀសប្រជាជនទៅទីទួលមានសុវត្តិភាពឱ្យបានទាន់ពេលវេលា៕