ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នៅថ្ងៃអង្គារ ១៤ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស អញ្ជើញជាអធិតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម ខេង​ ស៊ុម​ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក​ ង៉ោ​ ម៉េងជ្រួន​ អភិបាលរងខេត្ត​ តំណាង ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកឧត្ដមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូអមដំណើរផងដែរ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ បានឱ្យដឹងថា​ ៖​ ការសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺជាគំនិតផ្តួចផ្តើមរបស់​លោកឧត្តមសេនីយ៍ត្រី​ បោន ប៊ិន មេបញ្ជាការកងរាជហត្ថខេត្តបន្ទាយមានជ័យ ដោយបានចាក់ដីបំពេញបន្ថែម ធ្វើរបងព័ទ្ធជុំវិញ និងធ្វើការសាងសង់អគារធ្វើការងារ អគារស្នាក់នៅថ្មី រួមនិងសមិទ្ធផលនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

មានប្រសាសន៍ក្នុងកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ក៏បានថ្លែងនូវការកោតសរសើរដល់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ​ ជាពិសេសចូលរួមសហការការពារស​ន្តិសុខ​ សុវត្ថិភាព​ ក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ ប្រកបដោយទំនួលខុសត្រូវខ្ពស់។ និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត​ ក្រុង-ស្រុក​ សប្បុរសជនដែលចូលរួមចំណែកធនធាន​ជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិយាយជារួមនិងនិយាយដោយឡែក្នុងក្រុងប៉ោយប៉ែតនេះ ។

ជាមួយគ្នានោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ក៏បានជម្រុញណែនាំដល់គ្រប់អង្គភាពកងរាជអាវុធហត្ថ​នូវកត្តាសំខាន់ៗដែលអាវុធហត្ថ​ ត្រូវយកចិត្តទុកដាក់មាន៤​ចំណុច រួមមាន៖ ១/-ធនធានមនុស្ស​ អង្គភាពត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាព​ ដើម្បីបម្រើជាតិមាតុភូមិប្រកបដោយឆន្ទះមនសិកា,២/-គ្រឿងបំពាក់​ សម្រាប់អង្គភាព,​ ៣/-ជម្រុំ ជម្រក​ ដើម្បីរស់នៅ​ រៀនសូត្រ​ និងកន្លែងធ្វើការសមរម្យ​ និងទី៤/-​ ការចិញ្ចឹម​ ថែរក្សា​សុកមាលភាពអាវុធហត្ថក្រោមឱវាទ​ និងបន្តយកចិត្តទុក្ខដាក់លើជីវភាពរស់នៅរបស់យោធិនចូលនិវត្តន៍។ មួយវិញទៀត​ ត្រូវអនុវត្តនូវតួនាទី និងភារកិច្ច របស់កងរាជអាវុធហត្ថ​ដែលអនុវត្ត​តាមឋានានុក្រម វិន័យ​ នៃកងយោធពលខេមរភូមិន្ទ​ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាបែបបទរដ្ឋបាល។

ផ្សាភ្ជាប់ជាមួយនឹងកម្មវិធីនេះដែរ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំសាលជាមួយអតីត យោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី មរណ: ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ ។

សូមបញ្ជាក់ផងដែរថា​ ៖​ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ រួមមាន​ អគារស្នាក់នៅមានទំហំ៨៤៤ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២.៣ ម៉ែត្រ) មានកម្ពស់ ០៣ ជាន់។ អគាររដ្ឋបាលមានបណ្ដោយ ១៧.៧៥ ម៉ែត្រXទទឹង ២២.៣០ម៉ែត្រមានបន្ទប់ធ្វើការចំនួន០៦បន្ទប់ បន្ទប់ទឹក០៦ បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន០១បន្ទប់ និងឃ្លាំងដាក់សម្ភារៈ ០១បន្ទប់ ។ អគារប្រចាំការមានបណ្តោយ ៤.៨ ម៉ែត្រ ទទឹង ១២.៣ ម៉ែត្រ រួមនឹងសមិទ្ធផលនានា​ សរុបថវិកាចំណាយក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ អស់ទឹកប្រាក់សរុបចំនួន​ ៥៧៤,៩១៤$(ហាសិប ប្រាំពីរម៉ឺន បួនពាន់ ប្រាំបួនរយ ដប់បួន ដុល្លារអាមេរិក)  ៕