ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពឱ្យបានល្អ សម្រាប់ថ្ងៃបិទយុទ្ធនាការឃោសនានិងថ្ងៃបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧

រាជធានីភ្នំពេញ ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំស្តីពីការត្រៀមកម្លាំងដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅកងកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវការពារពង្រឹងសន្តិសុខ ធានាឱ្យបានសុខសុវត្ថិភាពឱ្យបានគ្រប់គ្រាប់នៅក្នុងរាជធានីភ្នំពេញ សម្រាប់ថ្ងៃបិទយុទ្ធនាការការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៧ឱ្យដំណើរការទៅលើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរីយុត្តិធម៌ គ្មានការគាបសង្កត់និងអំពើហិង្សា នៅគ្រាដែលការងារការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់អំឡុងនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៧ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងសរុបវិធានការណ៍សរុបនិងមធ្យោបាយសរុប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៧ គឺជាព្រឹត្តិការណ៍ដ៏សារៈសំខាន់បំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដូច្នេះក្នុងនាមកងកម្លាំងសមត្ថកិច្ចត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ការពាររក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឱ្យបានជោគជ័យជូនដល់គ្រប់បណ្តាគណបក្សនយោបាយអ្នកសង្កេតការនិងប្រជាពលរដ្ឋចេញទៅបោះឆ្នោត។ជាពិសេសក្តាប់ឱ្យបានរាល់ព័ត៌មានសភាពការណ៍សន្តិសុខ ដើម្បីចេញបង្ការទប់ស្កាត់ចំពោះក្រុមអគតិដែលមានបំណងអាក្រក់ចង់បំផ្លាញនៃការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភានីតិកាលទី៧ ។ជាមួយគ្នានោះកងកម្លាំងនៅតាមមូលដ្ឋានអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ទន្ទឹមដែលបានប្រើប្រាស់កម្លាំងការពារទីតាំងបោះឆ្នោតនោះហើយក៏ត្រូវមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ។

សូមបញ្ជាក់ថា៖ការបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតធ្វើនៅថ្ងៃទី២១ខែកក្កដា ចំណែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរដ្ឋសភាប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះរាជធានីភ្នំពេញបើយោងតាមលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញឱ្យដឹងថា មានមណ្ឌលបោះឆ្នោត២៥៩កន្លែង ដែលមានការិយាល័យបោះឆ្នោត២,២០៦ការិយាល័យ ក្នុងនោះមានឈ្មោះអ្នកចូលរួមបោះឆ្នោតចំនួន៩៦១,៧៤២នាក់៕