ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកថ្មគោលអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤៨១ត.ព្រ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ផា ចាន់ណា ហៅ ខ្នា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី៩ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕