ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្ត និងកង់បុកពេញទំហឹងបណ្តាលអោយមនុស្សរបួសធ្ងន់ម្នាក់នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១០និង២០នាទី លើផ្លូវជាតិលេខ57B ត្រង់ចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងកង់ បណ្តាលអោយមនុស្សរបួសធ្ងន់ម្នាក់។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តទេសចរណ៍ធុនតូចម៉ាកហៃឡែនដ័រ (HIGHLANDER) ពណ៌សំបកឳឡឹក ស៊េរី2001 ពាក់ផ្លាកលេខ បាត់ដំបង 2B-0311 បើកបរដោយឈ្មោះ ចាប កៃ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងកង់បើកបរដោយឈ្មោះ យុល ធីម៉េង ភេទប្រុស អាយុ០៨ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល​ ខេត្តបាត់ដំបង រងរបួសធ្ងន់ (បាក់ជើងឆ្វេង)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ គឺរថយន្តធ្វើដំណើរពីទិសខាងលិចទៅខាងកើត តាមបណ្តោយទ្រូងផ្លូវខាងត្បួង ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ស្រាប់តែមានកង់ ឆ្លងផ្លូវពីទិសខាងត្បួងទៅខាងជើង បណ្ដាលឱ្យរថយន្តបុកចំ ចំហៀងខាងឆ្វេងកង់ ពេញទំហឹងតែម្ដង ។
បច្ចុប្បន្ន នគរបាលស្រុកថ្មគោលបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ បាមបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ៕