សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកសំពៅលូនបង្រ្កាបករណីឆក់ការបូបលុយឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តបាត់ដំបង​៖​ នៅថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៩និង២៨នាទី មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបលុយ) កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឆក់ការបូបលុយ របស់ជនរងគ្រោះឈ្មោះ ឃិន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ០២នាក់ បានធ្វើសកម្មភាព ជិះម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២១ គ្មានស្លាកលេខ ឆក់ទាញយកកាបូបលុយរបស់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូខាងក្រោយប្តីកំពុងឌុបមិនបានសម្រេចក៏បណ្តាលឲ្យដួលម៉ូតូទាំងពីររបស់ជនរងគ្រោះ និងជនសង្ស័យក្នុងពេលនោះ ជនសង្ស័យក៏បាននាំគ្នារត់គេចខ្លួនបាត់ ជនរងគ្រោះឈ្មោះ ឃិន ស្រីមុំ រងរបួស ដាច់រលាត់ជង្គង់ខាងឆ្វេង ដាច់រលាត់ម្រាមដៃខាងឆ្វេង និងរបួសកែងជើងខាងស្តាំ (ស្រាល) និងប្តីរបស់ជនរងគ្រោះឈ្មោះ ស៊ុន សុកឡេង ភេទប្រុស អាយុ ៣២ឆ្នាំ រងរបួសដាច់រលាត់ត្រង់កំភួនដៃខាងឆ្វេង និងដាច់រលាត់ជង្គង់ខាងឆ្វេង (ធ្ងន់)។
ក្រោយពីទទួលពត៌មាន កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ ទឹម វិឆ័យ ​អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ កំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាច់ បូរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន។ ក្រោយតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ថាច់ បូរ៉ា បានឆ្លើយសារភាពថា រូបគេ និងឈ្មោះ ស៊ីញ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ មានទីលំនៅស្រុកសំពៅលូន ពិតជាបានធ្វើសកម្មភាព ជិះម៉ូតូឆក់យកការបូបពីមនុស្សស្រីម្នាក់ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពិតប្រាកដមែន ដោយឈ្មោះ ស៊ីញ ជាអ្នកជិះម៉ូតូឌុបហើយរូបគេជាអ្នកជិះពីក្រោយហើយយកដៃទាញយកការបូបពីមនុស្សស្រីនោះ តែមិនបានសម្រេច ។
បច្ចុប្បន្ន ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕