ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំកែសម្រួលសមាសភាពក្រុមការងារចុះពិនិត្យ និងវាយតម្លៃអំពីមូលដ្ឋានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ(ប៉ាណូអចល័ត) ក្នុងខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃសុក្រ ៦ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ June 23, 2023លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារចុះពិនិត្យ និងវាយតម្លៃអំពីមូលដ្ឋានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ(ផ្ទាំងប៉ាណូអចល័ត) បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីសេចក្តីសម្រេចលេខ ០៤៦/២៣ ស.ស.រ ស្តីពីត្រូវបានកែសម្រួលសមាសភាពក្រុមការងារចុះពិនិត្យ និងវាយតម្លៃអំពីមូលដ្ឋានអាជីវកម្ម និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ(ប៉ាណូអចល័ត) ក្នុងខេត្តកោះកុង និងសេចក្តីជូនដំណឹងលេខ ៣៨៤ ស.ជ.ណ របស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុកទាំង៧ និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។ ក្នុងនោះរដ្ឋបាលក្រុង ស្រុក បានចូលរួមមតិយោបល់លើការបង្កើតឲ្យមានក្រុមការងារត្រួតពិនិត្យផ្ទាំងប៉ាណូសម្រាប់ថ្នាក់ខេត្តមានហើយ តើនៅថ្នាក់ក្រុង ស្រុក គួរបង្កើតឲ្យមានដែរទេ? ហើយការអនុញ្ញាតត្រឹមណាថ្នាក់ខេត្ត និងត្រឹមណាថ្នាក់ក្រុង ស្រុក ជាអ្នកសម្រេច? ហើយពាក់ព័ន្ធនឹងរចនាបទអក្សរគួរកំណត់បែបមិច? ជាលទ្ធផល លោកប្រធានកិច្ចប្រជុំ​ និងក្រុមការងារបានឯកភាពថា ក្រុមការងារថ្នាក់ខេត្ត មានហើយ ដូច្នេះក្រុមការងារថ្នាក់ក្រុង ស្រុក គួរបង្កើតឲ្យមានដែរទើបងាយស្រួលគ្រប់គ្រង និងងាយស្រួលអនុវត្តការងារ។

ចំពោះទំហំ នៃការអនុញ្ញាត គឺនៅថ្នាក់ក្រុង ស្រុក ត្រឹម៤ម៉ែត្រការ៉េចុះក្រោម និងសម្រាប់ថ្នាក់ខេត្ត គឺចាប់ពី៤ម៉ែត្រការ៉េឡើង ទិសដៅ ឬផែនការបន្ទាប់សម្រាប់អនុវត្តបន្ត លោកអភិបាលរងខេត្ត និងជាប្រធានកិច្ចប្រជុំ បានណែនាំ ដូចខាងក្រោម៖
១.មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ មន្ទីរព័ត៌មាន និងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ត ធ្វើរបាយការណ៍ពីការអនុញ្ញាតលើការលើផ្ទាំងប៉ាណូ
នៅមុនពេលបង្កើតអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ មករដ្ឋបាលខេត្ត
២.ហាមផ្តាច់មិនឲ្យមានការផ្តល់អាជ្ញាបណ្ណ ឬសិទ្ធិផ្តាច់មុខ ជូនក្រុមហ៊ុន
៣.រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើបច្ចុប្បន្នភាព ឡើងវិញពាក់ព័ន្ធនឹងផ្ទាំងប៉ាណូ ដែលមានក្នុងដែនសមត្ថកិច្ចខ្លួន
៤.រដ្ឋបាលខេត្ត នឹងរៀបចំសេចក្តីជូនដំណឹង ថ្មីលើការជំរុញដល់អាជីវករ ឬក្រុមហ៊ុនក្នុងការជួសជុលផ្ទាំងប៉ាណូចាស់ (ក្នុងករណីមិនទាន់ផុតសុពលភាព) និងឲ្យរុះរើ ផ្ទាំងប៉ាណូដែលមិនមានច្បាប់ និងផុតសុពលភាព ៕