ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកផ្តល់ប្រាក់របបជូនជនពិការក្រីក្រនៅតាមសហគមន៍ ខេត្តកោះកុង

ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្តារសម្បទា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកផ្តល់ប្រាក់របបជូនជនពិការក្រីក្រនៅតាមសហគមន៍ ខេត្តកោះកុង ។

លោកស្រីអភិបាលស្តីទី បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីបើកផ្ដល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រនៅ តាមសហគមន៍ ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា យើងនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះគណៈកម្មការគ្រប់គ្រងរបបគោល នយោបាយថ្នាក់ខេត្ត ជាពិសេសមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានរួមសហការគ្នាអនុវត្តការងារគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះសម្រេចបាននូវ សមិទ្ធផលជាច្រើនគួរឱ្យកត់សំគាល់ ។
វត្តមានរបស់ លោក លោកស្រី នាពេលនេះ ជាសក្ខីភាពបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពបងប្អូនជនមានពិការ ជាក្រុមជនងាយរងគ្រោះ ដែលកំពុងទទួលបាន នូវការលើកកម្ពស់ តួនាទីផលប្រយោជន៍ ការការពារសិទ្ធិ និងត្រូវការជាចាំបាច់នូវការជួយ ឧបត្ថម្ភគាំទ្រទាំងជីវភាព ស្មារតី និងសម្ភារពីគ្រប់មជ្ឈដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍សហគមន៍ និង រាជរដ្ឋាភិបាលកម្ពុជាយើង។

ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រីនិងអង្គភាពពាក់ព័ន្ធ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួម ជាភ្ញៀវកិត្តិយស ក្នុងពិធីបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាថ្ងៃនេះ។
ខ្ញុំសូមរំលឹកជូនថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិត របស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ភាពក្រីក្រ គឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនត្រឹមតែមិនអាចទទួលយកបានខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្តាលឱ្យ មានការបែកបាក់សាមគ្គីភាពនិង អស្ថេរភាព ក្នុងសង្គមថែមទៀត។

ចំពោះការបើកផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះ គ្រប់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំង ២៥រាជធានី ខេត្ត កំពុងតែដំណើរការបើកផ្តល់ជូនជនមានពិការភាព។ ផ្អែកតាមរបាយការណ៍របស់មន្ទីរជំនាញ បានបង្ហាញថា ក្នុងឆ្នាំ២០២២កន្លងទៅ សម្រាប់ខេត្តកោះកុង គណៈកម្មការបានសម្រេចធ្វើការផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក ក្នុងក្រុងខេមរភូមិន្ទដែលមានចំនួន ១៥៤នាក់ ស្រី៥៧នាក់ ក្នុងនោះជនមានពិការភាពដែល ត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែ ស្មើទឹកប្រាក់ ២៤០,០០០រៀល ចំនួន ៧៤នាក់ ស្រី៣១នាក់ និង៦ ខែស្មើទឹកប្រាក់ ១២០,០០០រៀល ចំនួន៨០នាក់ ស្រី២៦នាក់ ស្រុកមណ្ឌលសីមាដែលមានចំនួន ៧១នាក់ ក្នុងនោះជនមានពិការភាពដែលត្រូវទទួលប្រាក់ឧបត្ថម្ភ ១២ខែ ស្មើទឹកប្រាក់ ២៤០,០០០រៀល ចំនួន ៤១នាក់ ស្រី២១នាក់ និង៦ខែស្មើទឹកប្រាក់ ១២០,០០០រៀល ចំនួន ៣០នាក់ ស្រី៦ នាក់ ។

កន្លងទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំបង្កើតឱ្យមានគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍សម្រាប់ថ្នាក់ រាជធានី ខេត្ត ដែលខេត្តកោះកុងយើងនេះ មានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តជា ប្រធាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តជាអនុប្រធាន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជាអនុប្រធានប្រចាំការ រួមទាំងមន្ទីរ ស្ថាប័នពាក់ព័ន្ធ ជាសមាជិក។

ចំពោះមុខរដ្ឋបាលខេត្ត នឹងបន្តពង្រឹងសកម្មភាព យន្តការដែលមានស្រាប់ ហើយសហការ ពង្រីកបន្ថែម នូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឱ្យកាន់តែទូលំទូលាយ ពិសេសការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ ការដាក់ចេញវិធានការជួយ ដោះស្រាយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះដោយមហន្តរាយធម្មជាតិ ការពង្រីកកម្មវិធីស្តារលទ្ធភាពពលកម្ម កម្មវិធីសមាហរណកម្មឡើងវិញ សម្រាប់ជនដែលមានពិការភាព ជនរងគ្រោះដោយ គ្រឿងញៀន ដោយការជួញដូរ ដោយអំពើកេងប្រវ័ញ្ច និងកុមារដែលបំពានច្បាប់ ក៏ដូចជាពង្រីកកម្ម វិធីសុខុមាលភាពដល់ជនចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ ពោះម៉ាយក្រីក្រ គ្រួសារក្រីក្រ ស្ត្រី កុមារ រងគ្រោះ ជនគ្មានទីលំនៅ និងអតីតយុទ្ធជន ព្រមទាំង គ្រួសារ ដើម្បីឱ្យពួកគាត់ទទួលបាននូវសេវា សុខភាព អាហារូបត្ថម្ភ ការបណ្ដុះបណ្តាលមុខជំនាញ ការបង្កើតមុខរបរ និងការអប់រំ សំដៅប្រែក្លាយប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងសហគមន៍ ទៅជាមូលដ្ឋានផលិតរបស់ជាតិ រួម ចំណែកធ្វើឱ្យគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នេះទទួលបាន ជោគជ័យ ៕