ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីដើម្បីថ្វាយព្រះរាជកុសល ព្រះរាជសព្ទសាធុការពរថ្វាយសម្ដេចព្រះ មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

ខេត្តកំពង់ឆ្នាំង៖ ក្នុងឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើន ព្រះជន្មគំរប់ខួប ៨៧ ព្រះវស្សា យាងចូល ៨៨ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដែលនិងឈានមកនាពេលខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យ ១កើតខែបឋមសាឍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ត្រូវនឹង ថ្ងៃទី ១៨ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវ ផាត សុផាន្នី ស៊ុន សុវណ្ណារិទ្ធិ អនុប្រធានកិត្តិយសសាខាកាកក្រហមកម្ពុជាខេត្ត លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ អនុសាខាក្រុង.ស្រុក យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យាយជី តាជី រួមនិងពុទ្ធបរិស័ទ បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា នៅក្នុងបរិវេណវត្តចន្ធប្បជោត្តនារាម (ហៅវត្តតាសុត)ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម លោកជំទាវ និមន្តព្រះសង្ឃសូត្រពុទ្ធជ័យមង្គលថ្វាយសម្តេចម៉ែ វេរភត្តហារ ប្រគេនព្រះសង្ឃ និង អានសារថ្វាយព្រះពរព្រមទាំង បួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះ មហាស្វេតឆ័ត្រ និងវត្ថុសក្ដិសិទ្ធក្នុងលោក សូមជួយបីបាច់ ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូម ព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជា ម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ ព្រះអង្គ សូមព្រះអង្គប្រកបតនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នងឱកាសនោះឯកឧត្តម លោកជំទានបានប្រគេនទេយ្យទាន គ្រឿងអដ្ឋបរិក្ខារ និងបច្ច័យជាសទ្ធាជ្រះថ្លា របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាថ្ងៃអភិមង្គលដ៏វិសេសវិសាលនេះ រួមមាន ចង្ហាន់ ៤ស្រាក់, អង្ករ ១០០គ.ក្រ, មី ២កេះ, ត្រី ខ ២យួរ, ទឹកសិទ្ធ ២កេះ, ទឹកក្រូច ២កេះ, ផ្លែឈើ ២កន្ត្រក និងបច្ច័យមួយចំនួន ៕