ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ០២នាក់ ត្រូវនគរបាលស្រុកតាលោសែនជ័យ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ពោធិ៍សាត់៖   ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកតាលោសែនជ័យ សហការជាមួយនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីកាច់សោលួចម៉ូតូ ដែលបានប្រព្រឹត្តិនៅវេលាម៉ោង ០៨និង ១៥នាទី ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣  នៅចំណុចចំការតាហៀវ ស្ថិតនៅភូមិជ្រៃក្រឹម  ឃុំផ្ទះរុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន តាមរយៈទូរសព្ទពីប្រជាពលរដ្ឋជាម្ចាស់ម៉ូតូនៅវេលាម៉ោង០៩ និង ២៤នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ លោកអធិការបានដឹកនាំសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន០៣នាក់ សហការជាមួយ កម្លាំងអន្តរាគមន៍អធិការស្រុកតាលោសែនជ័យចំនួន០៥នាក់ និង លោកមេភូមិជ្រៃក្រឹម រួម និងប្រជាការពារចំនួន ០៤ នាក់ បានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យនិងស្រាវជ្រាវឃើញថា ម៉ូតូដែលត្រូវបានចោរលួចម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ គ្មានស្លាកលេខ លេខតួ 0026128 លេខម៉ាស៊ីន0026128 ជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ សៅ បុល ភេទស្រីអាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ខណៈដែលម្ចាស់បានជិះមកច្រូតស្មៅគោ នៅចំណុចខាងលើ ហើយម្ចាស់បានដើរទៅច្រូតស្មៅ នៅក្នុងចំការចម្ងាយប្រហែល ១៥០ម៉ែត្រ ពីកន្លែងដាក់ម៉ូតូ នៅពេលម្ចាស់ត្រឡប់មកយកម៉ូតូ ដែលខ្លួនបានទុកស្រាប់តែបាត់ពីកន្លែង ក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច

លោកអធិការបានបន្តថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១១ និង១៥នាទីព្រឹក កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំង  បានសហការ ធ្វើការស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ទី១ ឈ្មោះ ផាត់ អេងជុំ (ហៅអាកង្កែប) ភេទប្រុសអាយុ៣៣ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនិងទី២ឈ្មោះ ស្វាយ ផង់ (ហៅម៉មចិត្ត) ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នឹងធ្វើការដកហូតវត្ថុតាងរួមមានដូចខាងក្រោម ម៉ូតូមួយគ្រឿងម៉ាក់ វ៉េវអាល់ហ្វា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ គ្មានស្លាកលេខ មានលេខតួ 0026128 លេខម៉ាស៊ីន 0026128 សោ អក្សរតេ សម្រាប់កាច់កម៉ូតូ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹករបស់ឈ្មោះជនសង្ស័យ ស្វាយ ផង់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកទៀតមានឈ្មោះ ចិន ធាម ភេទស្រីអាយុ ២៤ឆ្នាំរស់នៅភូមិអូរថ្កូវ  សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាតវ៉ាក់សាំង ០១សន្លឹក មានឈ្មោះ ចិន ធាម កាបូបស្ពាយពណ៌ក្រហមចំនួន ០២ ក្រោយពីសមត្ថកិច្ច បានសហការ ជាមួយកម្លាំងជំនាញព្រហ្មទណ្ឌការិយាល័យកម្រិតស្រាលនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានធ្វើកំណត់ហេតុប្រគល់ទទួល ជនសង្ស័យទាំង ០២នាក់ រួមនិងវត្ថុតាងខាងលើ មកឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ធ្វើការស្រាវជ្រាវ សួរនាំបន្ត

ក្រោយបានសួរនាំជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនមានមធ្យោបាយដោយម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ 2019 ឡើងតែម 2022 ស្លាកលេខមិនចាំ សម្រាប់ធ្វើសកម្មភាពជាប្រចាំ នៅថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៣ មុននឹងពួកខ្លួនចេញធ្វើសកម្មភាព មានគ្នាបីនាក់រួមទាំងឈ្មោះ ចាន់ កង ភេទប្រុសអាយុ ៤៣ឆ្នាំ មុខរបរកសិកររស់នៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានជិះម៉ូតូខាងលើ ឌុបគ្នាទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូ០១គ្រឿងនៅចំណុច ខាងលើពិតប្រាកដមែន។

ក្រោយសមត្ថកិច្ចយើងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើជនសង្ស័យទាំង០២នាក់ ឃើញលទ្ធផលវិជ្ជមាន មានសារធាតុញៀនក្នុងខ្លួន ចំពោះជនសង្ស័យឈ្មោះ ចាន់ កង ធ្លាប់មានប្រវត្តិក្នុងករណីលួច បច្ចុប្បន្នបានរត់គេចខ្លួនបាត់ ពីមូលដ្ឋាន

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ តាមបញ្ជារបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់