ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកកណ្តៀងឃាត់ខ្លួន ពាក់ព័ន្ធករណី ឆបោកយកម៉ូតូរបស់មិត្តភក្ត្រ័ទៅបញ្ចាំ

ពោធិ៍សាត់៖  ជនសង្ស័យឈ្មោះ សឿន ស៊ីង ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលវាល សហការជាមួយនគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួននៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ដោយពាក់ព័ន្ធករណីឆបោកផឹកស៊ីយកម៉ូតូមិត្តភ័ក្រ្តទៅបញ្ចាំ ដែលបានប្រព្រឹត្តិនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នឹងបានទទួលយកជនសង្ស័យមកសាកសួរយកចម្លើយតាមនីតិវិធី

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សឿន ស៊ីង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀងខេត្តពោធិ៍សាត់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី ខ្លួនបានបបួលឈ្មោះឃិតសំណាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរបាក្រងក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់មកផឹកស៊ីនៅផ្ទះរបស់ខ្លួនរហូតដល់ស្រវឹងជោគជាំ ក៏បានយកម៉ូតូរបស់ឈ្មោះឃិត សំណាង ដែលជាជនរងគ្រោះ ជិះយកទៅបញ្ចាំអោយឈ្មោះ ប៊ិនស៊ីយាង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ដោយដោះដូរយកថ្នាំញៀនចំនួន០៤កញ្ចប់តូច និងលុយខ្មែរចំនួន១០០,០០០៛

យោងតាមការបំភ្លឺ របស់ជនរងគ្រោះ ឈ្មោះ ឃិត សំណាង បានអោយដឹងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទីខ្លួនពិតជាត្រូវបានឈ្មោះសឿន ស៊ីង ជាជនសង្ស័យ បបួលផឹកស៊ីនៅក្នុងផ្ទះរបស់វាប្រាកដមែន ពេលខ្លួនផឹកស៊ីស្រវឹងជោគជាំបានដេកលង់លក់ស្កប់ស្កល់នៅទីនោះរហូតដល់ម៉ោង០៦ព្រឹក ថ្ងៃទី១០ ខែមិថុនា ទើបភ្ញាក់ពីដំណេកបានសួររកម៉ូតូរបស់ខ្លួន ប៉ុន្តែត្រូវបានឈ្មោះ សឿន ស៊ីង ប្រាប់ថាម៉ូតូរបស់ខ្លួនវាបានយកទៅបញ្ចាំជាមួយគេហើយ  ក្រោយមកខ្លួនបានដាក់បណ្តឹង សុំឲ្យសមត្ថកិច្ចនគរបាល សំណូមពរសុំអោយជនសង្ស័យខាងលើចេញសំណងរដ្ឋប្បវេណីនិងអោយសមត្ថកិច្ចផ្តន្ទាទោសតាមផ្លូវច្បាប់

លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ក្រោយមានការសហការរវាងអធិការដ្ឋាននគរបាលស្រុកកណ្តៀង និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហើយបច្ចុប្បន្នជនសង្ស័យឈ្មោះ សឿន ស៊ីង ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងរយៈពេល៤៨ម៉ោងដើម្បីបំពេញបែបបទតាមនីតិវិធីបន្ត