ព័ត៌មានអន្តរជាតិ

ភាពជាប់គាំងនៃការចរចាពិតានបំណុលអាមេរិកកំពុងនាំពិភពលោកទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ

(វ៉ាស៊ីនតោន)៖ គិតមកទល់ពេលនេះ ដំណោះស្រាយក្នុងការបញ្ចៀសវិបត្តិបំណុលក្នុងសហរដ្ឋអាមេរិកនៅតែបន្តស្ថិតក្នុងភាពជាប់គាំង ហើយប្រសិនបើវិបត្តិនេះអូសបន្លាយដល់ថ្ងៃទី០១ មិថុនាខាងមុខ ភាពរង្គោះរង្គើដ៏ខ្លាំងមួយនៃដំណើរការសេដ្ឋកិច្ចពិភពលោកនឹងត្រូវកើតឡើងជាក់ជាមិនខាន ហើយនឹងមិនអាចប៉ះប៉ូវឬជួសជុលវិញបានក្នុងរយៈពេលខ្លីឡើយ។

រដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងត្រូវប្រឈមបញ្ហានៃការព្យួរការងាររបស់ខ្លួនតាមកន្លែងជាច្រើន ឬអាចគាំងដំណើរការទៀតផង ប្រសិនបើការចរចាក្នុងការតម្លើងកម្រិតពិតានបំណុលបច្ចុប្បន្ន មិនអាចរកច្រកចេញបានទេនោះ។ រយៈពេលនៃការចរចាគ្នាដើម្បីដោះស្រាយបញ្ហាវិបត្តិថវិកានេះ នឹងមានរយៈពេលរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ហើយប្រសិនបើមិនអាចដោះស្រាយបានទៀតនោះទេ រដ្ឋាភិបាលសហព័ន្ធនឹងត្រូវអស់ថវិការបស់ខ្លួនក្នុងការចំណាយលើកិច្ចការងារនានាសម្រាប់ដំណើរការក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប្រសិនបើមានការដួលរលំដំណើរកិច្ចការងាររដ្ឋាភិបាលសហព័ន្ធមែន នោះវិបត្តិសេដ្ឋកិច្ចក្នុងសហរដ្ឋអាមេរិកនឹងជះឥទ្ធិពលលើទីផ្សារធំៗរបស់សកលលោក ហើយឥទ្ធិពលនៃវិបត្តិនោះ នឹងបន្តរាលដាលដល់បណ្តាប្រទេសនានាទាំងឡាយ ដែលធ្វើជំនួញជាមួយនឹងសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា រដ្ឋាភិបាលសហព័ន្ធបានកំណត់ការចាយវាយរបស់ខ្លួនមិនឱ្យលើសពីអ្វីដែលរដ្ឋាភិបាលមានលទ្ធភាពអាចខ្ចីបានឡើយដែលនោះត្រូវបានគេហៅថា ពិតានបំណុល ឫកម្រិតអតិរមានៃថវិកាដែលរដ្ឋាភិបាលអាចខ្ចីបាន។ ពិតានបំណុល ឫ Debt Ceiling បានកំណត់ទំហំក្នុងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកក្នុងទំហំ ៣១.៤ទ្រីលានដុល្លារ ប៉ុន្តែរដ្ឋបាលលោក ចូ បៃដិន ដែលមានដៃទូលាយខ្លាំង លើការចំណាយថវិកាយោធានៅក្រៅប្រទេស ជាពិសេសការជួយជាជំនួយយោធាដល់អ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនោះ បានស្នើសុំតម្លើងការចំណាយលើសពីកម្រិតដែលបានទុកគ្រោងទុក។ រដ្ឋបាលលោក ចូ បៃដិន បានស្នើសុំថវិកាចំណាយលើសពីការកំណត់ ៣១.៤ទ្រីលានដុល្លារនេះ ប៉ុន្តែស្ថាប័នសភាតំណាងរាស្ត្រដែលមានអំណាចលើការគ្រប់គ្រងថវិកា មិនយល់ព្រមតាមការចង់បានរបស់រដ្ឋបាលលោក ចូ បៃដិន នោះឡើយ ដែលជានេះជាមូលហេតុដែលនាំឱ្យមានភាពជាប់គាំងដំណើរការនេះ៕