ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្មេងទំនើង០២ក្រុម ទំនាស់សំដីគ្នាឈានដល់ប្រើហិង្សា អ្នករបួសចូលពេទ្យអ្នកឈ្នះចាប់ខ្លួន

បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង០២ក្រុម មានក្រុមខាងក្រុងសិរីសោភ័ណនិងក្រុមខាងស្រុកថ្មពួក បានទំនាស់ពាក្សសំដីគ្នាឈានដល់ប្រើអំពើហិង្សា អ្នករងរបួសចំនួន០៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកអ្នកឈ្នះ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបានចំនួន០៣នាក់ ។ ហេតុការណ៍នៃហិង្សានេះបានកើតឡើងនៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃអាទិត្យ ២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគោកពោធិភូមិសាស្រ្ត ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា​ ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ក្រុមក្មេងៗមកពីក្រុងសិរីសោភ័ណ ចំនួន ០៤នាក់ មាន ៖ ១,ឈ្មោះ កៅ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ,២,ឈ្មោះ ហេង តូតាល់ ហៅលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ,៣,ឈ្មោះ ហៀង តុលា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ,៤,ឈ្មោះ ហួត រ៉ាហួរ ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ  ក្រុមនេះ មានទំនាស់ជាមួយក្រុមក្មេងទំនើង នៅស្រុកថ្មពួក  ប្រមាណជា០៨នាក់ បានជិៈរថយន្តហាឡិនឌ័រ ០១គ្រឿង ពណ៌ទឹកប្រាក់ ដេញតាមវាយពីភូមិសាស្ត្រ ស្រុកថ្មពួក រហូតដល់ចំណុចគោកពោធិ ក្នុងភូមិសាស្ត្រ ស្រុកស្វាយចេក ហើយក្រុមជនរងគ្រោះ បានផ្តួលម៉ូតូរត់គេចខ្លួន  ពេលនោះក្រុមក្មេងដៃដល់ បានកាប់ម៉ូតូនិងបណ្តាលឲ្យខូចកាត់តាប៊ូមុខ និងអាវ ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទាំងនោះ បានបើករថយន្តគេចខ្លួន ។ ចំណែកក្រុមក្មេងរងគ្រោះចំនួន០៣នាក់ត្រូវរងរបួសមាន ៖​ ១.ឈ្មោះ ហេង តូតាល់ ត្រូវបានគេគប់ចំភ្នែកខាងស្ដាំបណ្ដាលឲ្យហើមជាំ ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។២.ឈ្មោះ ហួត រាហួរ របួសចំដើមទ្រូង,៣.ឈ្មោះ ហៀង តុលា ហៅជា របួសរលាត់ខ្នង។

នគរបាលបានបញ្ជាក់ថា ៖ ក្រោយពីមានហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការណ៍ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកថ្មពួក បើកការស្រាវជ្រាវ និងមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឃាត់ខ្លួនក្រុមក្មេងដៃដល់ចំនួន០៣នាក់ នៅចំណុចឈ្មោះ ភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មាន ៖ ១/ឈ្មោះ ព្លឿយ វាសនា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ២/ឈ្មោះ លី ប៊ុនលន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ៣/ឈ្មោះ សម្បត្តិ គឹមហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងដកហូតរថយន្តម៉ាកហាយឡិនឌ័រ០១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្មំពេញ 2P-1643 ដែលក្រុមជនដៃដល់ជិៈធ្វើសកម្មភាពដេញវាយក្រុមជនរងគ្រោះ ។ បច្ចុប្បន្នជនដៃដល់ទាំង០៣នាក់ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ។ ចំណែកបក្ខពួកដែលនៅសេសសល់កំពុងបន្តស្រាវជ្រាវចាប់ខ្លួនផងដែរ ៕