ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសសនីយប័ត្រតែងតាំងព្រះភិក្ខុ អុឹម ឡូញ ឲ្យឡើងទីជាព្រះគ្រូចរយាតិរត្ខិតញ្ញាណ ព្រះចៅអធិការពេញសិទ្ធិ ជំនួយការសាលាអនុគណ ស្រោចស្រពព្រះសុគន្ធវារី និងសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានាក្នុងវត្តឧទុម្ពរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ នៅវត្តឧទុម្ពរ ខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីពិធីប្រកាសសនីយប័ត្រតែងតាំងព្រះភិក្ខុ អុឹម ឡូញ ឲ្យឡើងទីជាព្រះគ្រូចរយាតិរត្ខិតញ្ញាណ ព្រះចៅអធិការពេញសិទ្ធិ ជំនួយការសាលាអនុគណ ស្រោចស្រពព្រះសុគន្ធវារី និងសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ ស្ថិតនៅក្នុងភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈ ថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង ព្រះតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការនិមន្តចូលរួមពីសំណាក់ ព្រះមេតិ្តសត្ថា វង្ស កុសល ព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះអនុគណស្រុករលាប្អៀរ មន្រ្តីសង្ឃខេត្ត ស្រុកអប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋពុទ្ធិបរិស័ទជាច្រើនកុះករ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ អភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ដោយឡែកខេត្តកំពង់ឆ្នាំង មានការធានាបានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អ និង អភិវឌ្ឍន៍រីកចម្រើនពិសេសប្រជាពលរដ្ឋមានជីវភាពធូរធា និង មានសិទ្ធិធ្វើបុណ្យទានតាមប្រពៃណី តាមជំនឿសាសនារៀងៗខ្លួន ។ហើយប្រទេសកម្ពុជាបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូចនេះមានប្រជាពលរដ្ឋជាច្រើន បានគោរពប្រតិបត្តិព្រះពុទ្ធសាសនា  ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន  បានមានប្រសាសន៍ដោយបានសម្តែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋពុទ្ធ
បរិស័ទ និង សប្បុរសជនជនជិតឆ្ងាយ ដែលបានមូលមតិរួមគ្នាកសាងទីអារាមវត្តឧទុម្ពរនាពេលនេះឱ្យកាន់តែមានការរីកចម្រើនទទួលបានសមិទ្ធផលថ្មីៗជាច្រើន ទាំងនេះបង្ហាញពីការជឿជាក់ របស់ប្រជាពលរដ្ឋពុទ្ធិបរិស័ទ ប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា ជាទីគោរពសក្ការៈ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បន្តថា វត្តអារាមជាទីជំរកអប់រំ នូវចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត ក្នុងសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខប្រទេសកម្ពុជា នឹង មានរៀបចំធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ដូចនេះបងប្អូនប្រជាពលរដ្ឋទាំអស់ដែលមានអាយុគ្រប់បោះឆ្នោតនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមយកនូវឯកសារអោយបានតាមការកំណត់របស់គ.ជ.ប ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ។

ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ជំនួយការសាលាគណខេត្តបានមានសង្ឃដីកាអានប្រកាសប្រកាសនីយប័ត្ររបស់គណៈសង្ឃពុទ្ធសាសនាកម្ពុជាត្រូវបានតែងតាំង ភិក្ខុ អ៉ឹម ឡុញ ឲ្យឡើងទីជាព្រះគ្រូចរយាតិរត្ខិតញ្ញាណ ពីព្រះចៅអធិការស្តីទី អោយឡើងជាព្រះចៅអធិកាវត្តពេញសិទ្ធ វត្តឧទុម្ពរ ស្ថិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងសេចក្តីសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងភិក្ខុ អ៉ឹម ឡុញ ជាជំនួយការសាលាអនុគណស្រុករកាប្អៀរ។

ចុងបញ្ចប់ ព្រះគណអធិបតី គណអធិបតី បានប្រគេនប្រកាសសនីយប័ត្រតែងតាំង សេចក្តីសម្រេចតែងតាំង និងបំពាក់គ្រឿងឥស្សរិយយសនិង ស្រោចស្រពព្រះសុគន្ធវារីប្រគេនភិក្ខុ អ៉ឹម ឡូញ ព្រះគ្រូចៅអធិការវត្តឧទុម្ពរ ចែកប័ណ្ណសរសើរដល់សប្បុរសជន និង បានចែកអំណោយដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទដែលបានចូលរួមផងដែរ ៕