ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ “គោរពទង់ជាតិ អបអសាទរ ថ្ងៃកំណើតរបស់នគរបាលជាតិ នៃព្រះរាជាណាចក្រកម្ពុជា” ។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់ ក្រោមស្នាព្រះហស្តរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” ដែលមានតួនាទីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧៨ នៃថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ២០២៣) ។

ក្នុងទិវាដ៏វិសេសវិសាល និងប្រកបដោយសិរីមង្គលនេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងគោរពស្ញប់ស្ញែងចំពោះគុណូបការៈដ៏ធំធេង ដែលបុព្វបុរសជំនាន់មុន រួមទាំងនិវត្តន៍ជននគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ មិនគិតពីសេចក្តីសុខ និងអាយុជីវិតរបស់ខ្លួន កសាងនូវសមិទ្ធផលស្នាដៃជាច្រើនរាប់មិនអស់ ដើម្បីបុព្វហេតុសន្តិសុខមាតុភូមិ ។
សកម្មភាពប្រកបដោយឧត្តមគតិទាំងនោះ គឺជាសក្ខីកម្ម ឆ្លុះបញ្ចាំងអំពី មនសិការស្នេហាជាតិ ដែលគំរូវីរភាពដ៏ឧត្តុង្គឧត្តមនេះ បានក្លាយជាមេរៀន ជាបទពិសោធន៍ បន្សល់ទុកឲ្យកងកម្លាំងនគរបាលជាតិ ជំនាន់ក្រោយៗ បន្តយកទៅរៀនសូត្រ និងអនុវត្តតាម សំដៅលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងជាមូលដ្ឋានក្នុងការអភិវឌ្ឍអង្គភាព និងសមត្ថភាពផ្ទាល់ខ្លួន ។
ក្នុងនាមពលរដ្ឋខ្មែរមួយរូប ក៏ដូចជាកងកម្លាំងនគរបាលជាតិមួយរូប យើងខ្ញុំសូមសម្តែងនូវ ការគោរពកោតសរសើរ ចំពោះវីរភាព  និងការលះបង់យ៉ាងធំធេង ប្រកបដោយស្មារតីស្នេហាជាតិ ដ៏ឧត្តុង្គឧត្តម របស់កងកម្លាំងនគរបាលជាតិ រៀមច្បងគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ ។

     នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ដឹកនាំចំនួន ៧ចំណុច ដល់កងកម្លាំងនគរបាលយើង ក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និង យើងខ្ញុំបានត្រៀមរួចរាល់ ចំពោះកងកម្លាំង សំភារៈ មធ្យោបាយ ដើម្បីឆ្លើយតបតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងសំនូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការជួយអន្តរាគមន៍ ២៤ម៉ោង ។

     ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិយើង គ្រប់លំដាប់ថ្នាក់ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕