ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផ្សាយបន្តផ្ទាល់អំពីការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣

ខេត្តកោះកុង៖ ថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំផ្សាយបន្តផ្ទាល់អំពីការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ពិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជាតិខ្មែរទាំងមូល។ តាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសារពហុកីឡដ្ឋាន អាចផ្ទុកមនុស្សមានកំណត់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅតាមរាជធានី ខេត្ត ក្រុង ស្រុក មានឱកាសបានទស្សនាព្រឹត្តិការណ៍នេះ ដូច្នេះរដ្ឋបាលខេត្តនោងក្រុង នឹងរៀបចំផ្សាយបន្តផ្ទាល់នៅទីតាំងមុខសាលាខេត្ត ដោយឡែកនៅតាមរដ្ឋបាលស្រុកទាំង៦ទៀត នឹងរៀបចំផ្សាយបន្តផ្ទាល់ ដើម្បីប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋានបានចូលរួមទស្សនា នៅទីតាំងសមស្រប។ ចំពោះសន្តិសុខសណ្តាប់ធ្នាប់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវលើកផែនការជាក់ស្តែងតាមមូលដ្ឋានរៀងៗខ្លួន ៕