ព័ត៌មានអន្តរជាតិ

ស្រីលង្កាកំពុងព្យាយាមកាត់បន្ថយបំណុលទំហំ ១៧ពាន់លានដុល្លារ

(កូឡុំបូ)៖ នៅនៅថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីស្រីលង្កាលោក រ៉ានីល វ៉ិកក្រេម៉េស៊ីងហេ (Ranil Wickremesinghe) បានប្រាប់ទៅកាន់សភាថា រដ្ឋាភិបាលស្រីលង្កាកំពុងព្យាយាមកាត់បន្ថយបំណុលសរុបរបស់ខ្លួនចំនួន ១៧ពាន់លានដុល្លារតាមរយៈការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណៈលោកកំពុងស្វែងរកការគាំទ្រពីគណបក្សប្រឆាំងសម្រាប់កម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានទំហំជិត ៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣។

ក្នុងការលើកឡើងខាងលើ លោក វ៉ិកក្រេម៉េស៊ីងហេ (Wickremesinghe) ក៏បាននិយាយផងដែរថា ស្រីលង្កាកំពុងពិភាក្សាអំពីការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយប្រទេសឥណ្ឌា និងក្លឹបម្ចាស់បំណុលទីក្រុងប៉ារីស រួមទាំងជាមួយប្រទេសចិនផងដែរ។ បើតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល ស្រីលង្កាជំពាក់ចិនចំនួន ៣ពាន់លានដុល្លារ ក្លឹបបារីស ២.៤ពាន់លានដុល្លារ និងឥណ្ឌា ១.៦ពាន់លានដុល្លារ។

លោក វ៉ិកក្រេម៉េស៊ីងហេ (Wickremesinghe) បានបន្ថែមថា នៅមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងទេ ជុំវិញការរៀបចំរចនាសម្ព័ន្ធបំណុលសម្រាប់ប្រទេសនេះនោះទេ។

គួរបញ្ជាក់ជូនថា គិតមកទល់ពេលនេះ ស្រីលង្កានៅតែបន្តជាប់គាំងក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត គិតចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨។ ប្រទេសដែនកោះដែលមានប្រជាជន ២២លាននាក់នេះ បានធានាប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែមីនា៕