ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ពោធិ៍សាត់៖  ដោយអនុវត្តជាប្រចាំតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់ នៅភូមិទួលគូ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់តាមរយៈទូរស័ព្ទថាមានក្មេងៗ១ក្រុម រស់នៅក្នុងភូមិឃុំខាងលេី បាននាំគ្នាប្រមូលផ្តុំជក់គ្រឿងញៀនខុសច្បាប់ នៅក្នុងផ្ទះថ្មធ្វេីមិនទាន់រួចទុកចោលជាកម្មសិទ្ធរបស់ឈ្មោះចិត្រា(ម្ចាស់ផ្ទះចំណាកស្រុកទៅប្រទេសថៃ) កាលពីថ្ងៃអាទិត្យ៤កើត ខែពិសាខ ឆ្នាំថោះបញ្ចស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២និង០០នាទី។

លោកអធិការ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍សមត្ថកិច្ចបានសហការចុះដល់ទីតាំងខាងលេីបានឃេីញមនុស្សប្រុសម្នាក់កំពុងដេីរចេញពីផ្ទះទុកចោលនោះគួរឲ្យសង្ស័យ សមត្ថកិច្ចបានឃាត់សួរនាំជននោះឆ្លេីយសារភាពថាគាត់ឈ្មោះ ង៉ែតអូយ អាយុ១៧ឆ្នាំ ទេីបចេញមកពីជក់គ្រឿងញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ គៀន ពិសី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដោយមានចម្លេីយពាក់ព័ន្ធខាងលេីសមត្ថកិច្ចបានទៅដល់ក្រោមផ្ទះរបស់ឈ្មោះ គៀន ពិសី បានជួបមនុស្សប្រុសចំនួន០៥នាក់ទៀត ទាំងឈ្មោះគៀន ពិសី កំពុងមានវត្តមាននៅទីនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖

ទី១ឈ្មោះ គៀន ពិសី ជាមុខសញ្ញារក្សាទុកប្រេីប្រាស់ជួញដូរនិងសម្រួលអោយប្រេីប្រាស់នូវសារធាតុញៀនខុស ច្បាប់។

ឈ្មោះ ង៉ែត អូយ អាយុ១៧ឆ្នាំ ជាមុខសញ្ញាប្រេីប្រាស់(ជក់)ទាំង០២នាក់រស់នៅភូមិទួលគូ ឃុំកោះជុំ ស្រុកកណ្តៀងខេត្តពោធិ៍សាត់។

ឈ្មោះ ស៊ឹង សេង ភេទប្រុស អាយុ១៧ឆ្នាំ ជាមុខសញ្ញាប្រេីប្រាស់ (ជក់)

ឈ្មោះ មួន តុង ភេទប្រុស អាយុ២៣ឆ្នាំ ជាមុខសញ្ញាប្រេីប្រាស់ (ជក់)ទាំង០២នាក់រស់នៅភូមិគៀន ឃុំកោះជុំស្រុកកណ្ដៀង

ឈ្មោះ ឌឿន ចាន់ហុង ភេទប្រុស អាយុ២០ឆ្នាំ ជាមុខសញ្ញាប្រេីប្រាស់(ជក់)

ឈ្មោះ ឈុត រិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជាមុខសញ្ញាប្រេីប្រាស់ (ជក់)ទាំង០២នាក់រស់នៅភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់ នឹងវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់(ធំចំនួន០១កញ្ចប់)

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់និងវត្ថុតាងសមត្ថកិច្ចបានឃាត់ខ្លួនរយះពេល៤៨ម៉ោងនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដេីម្បីចាត់ការទៅតាមនីតិវិធី៕