ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ទោ ជូនសពលោកអនុសេនីយ៍ទោ ហន ច័ន្ធូ

ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំលោកស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ មន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ទោ ជូនសពលោកអនុសេនីយ៍ទោ ហន ច័ន្ធូ នាយរងផ្នែករដ្ឋបាលសរុប ការិយាល័យនគរបាលការពារបេតិកភណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដែលបានទទួលមរណភាព (ដោយរោគាពាធ) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥និង៣០នាទីទាបភ្លឺ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ស្នងការ​ ក៏បានប្រគល់ជូននូវថវិកាមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) និងនាំយកនូវបច្ច័យរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ និងបច្ច័យចូលរួមពីថ្នាក់ដឹកនាំ និងកងកម្លាំងចំណុះស្នងការដ្ឋាន ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) ថវិកាសរុបចំនួន ១២,០០០,០០០ (ដប់ពីរលានរៀលគត់) និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូន ក្រុមគ្រួសារ​នៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​ ។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិទទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ  ។