ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្លាប់០៤នាក់ របួសធ្ងន់០១នាក់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឈប់នៅចិញ្ចើមផ្លូវ នៅស្រុកក្រគរ

ពោធិ៍សាត់៖  ស្លាប់០៤នាក់របួសធ្ងន់០១នាក់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូឈប់នៅចិញ្ចើមផ្លូវបំរុងឆ្លងថ្នល់ ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ០៥(ផ្លូវកោង)ចន្លោះគីឡូម៉ែត្រ១៥៤១៥៥ ស្ថិតនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០និង៥៨នាទីយប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានរថយន្ត០១គ្រឿងម៉ាកMG-RX5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NARY-7170 បើកបរដោយឈ្មោះ ញិល ឆេងកុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ  ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(មិនរងរបួស)ធ្វើចរាចរណ៍ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូឈប់នៅចិញ្ចើមផ្លូវបំរុងឆ្លងថ្នល់ពីជើងទៅត្បូងយ៉ាងពេញទំហឹង០១គ្រឿងម៉ាកHONDA-C125 សេរី017 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1W-3374 បើកបរដោយឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លាប់)នឹងអ្នករួមដំណើរ០៣នាក់ ទី១ឈ្មោះ សុខ គីមឡាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធស្លាប់ (ស្លាប់ទាំងកូននៅក្នុងផ្ទៃ) ទី២ឈ្មោះ ណាប៊ិន យ៉ា ភេទស្រី អាយុ៣ឆ្នាំ  ជនជាតិខ្មែរ ត្រូវជាកូន(ស្លាប់) ទី៣ឈ្មោះ ណាប៊ិន កេត ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ  ត្រូវជាកូន(រងរបួសធ្ងន់)អ្នកទាំង០៤នាក់ រស់នៅភូមិឃុំជាមួយគ្នា។

ចំពោះអ្នករងបួសធ្ងន់ត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ យោងតាមនិទ្ទេសរបស់ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង២១និង២១នាទីយប់ បានបញ្ជាតាមទូរស័ព្ទឲ្យធ្វើកំណត់ហេតុប្រគល់ទទួលសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន ករណីនេះសមត្ថកិច្ចបានប្រគល់អោយទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕