ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ត្រូវខ្យល់កន្ត្រាក់បំផ្លាញ

ពោធិ៍សាត់៖  ដោយបម្រែបម្រួលអាកាសធាតុ មិនទៀងទាត់ បង្កឲ្យតំបន់មួយចំនួន ទទួលរងផលប៉ះពាល់ ការឡើងកម្តៅខ្លាំង និងតំបន់មួយចំនួនផ្សេងទៀត រងរបបខ្យល់ខ្លាំងខ្សោយមិនទៀងទាត់ ទើបនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៤៥នាទី នៅចំណុចផ្ទះដប់ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីខ្យល់កន្រ្តាក់ចំនួន០១លើកបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០៥គ្រួសារ

លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានបញ្ជាក់ឲ្យដឹងថា ផ្ទះរងការខូចខាតដោយសារខ្យល់កន្ត្រាក់ មានដូចជាទី១ ផ្ទះរបស់ម្ចាស់ឈ្មោះ ម៉ុន យឿន ភេទប្រុស អាយុ៤៥ឆ្នាំ ខូចខាតរបើកស័ង្កសីចំនួន ១៦សន្លឹក ទី២ផ្ទះរបស់ម្ចាស់ឈ្មោះ សៀង បូរ៉ា ភេទស្រី អាយុ ៥១ឆ្នាំ ខូចខាត របើកសង្ក័សីចំនួន ០២សន្លឹក ទី៣ផ្ទះរបស់ម្ចាស់ឈ្មោះ ញាណ ប៊ុនធៀន ភេទ ប្រុស អាយុ ៣៩ឆ្នាំ ខូចខាតរលំបន្ទប់ទឹកចំនួន ០១ ទី៤ផ្ទះរបស់ម្ចាស់ឈ្មោះ ឌុំ សុខគា ភេទ ប្រុស អាយុ ៣២ឆ្នាំ ខូចខាតរបើក ស័ង្កសីចំនួន ០២សន្លឹក និងទី៥ផ្ទះរបស់ម្ចាស់ឈ្មោះ សាន រឿន ភេទប្រុស អាយុ៤០ឆ្នាំ ខូចខាតរបើកស័ង្កសីចំនួន ០១សន្លឹក

លោកអធិការរងបន្តថា បច្ចុប្បន្នផ្ទះដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចរៀបចំឯកសារបញ្ជូនទិន្នន័យទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយសុំជំនួយ និងកម្លាំងការជួសជុល ដើម្បីបានប្រើប្រាស់ឡើងវិញ