ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ បន្ដចុះល្បាតតាមគោលដៅសំខាន់ៗ ផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” និងបញ្ហានានាដល់ប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២៣ នេះ ដោយបានអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ នៅតែបន្ដចុះល្បាតតាមគោលដៅសំខាន់ៗ, ផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” វេទិកាសាធារណៈ, ច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហានានាក្នុងសង្គម គ្រួសារ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងចាស់ព្រឹទ្ធាចារ្យ ដល់មូលដ្ឋាន សាលារៀន ទីវត្តអារាម និងនៅតាមខ្នងផ្ទះរបស់ពួកគាត់ផ្ទាល់ ដើម្បីឲ្យពួកគាត់បានយល់ដឹង និងកាន់តែជ្រាបច្បាស់ ពីវិធានការនានាក្នុងការបង្ការរក្សាទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពួកគាត់ឲ្យមានសុខសុវត្ថិភាព មិនតែប៉ុណ្ណោះកម្លាំងនគរបាលយើងបានចុះអនុវត្តបំពេញបែបបទ ការថតអត្តសញ្ញាណប័ណ្ណថ្មី អស់សុពភាព ខូចឬបាត់ និងធ្វើសៀវភៅគ្រួសារក២ និងសៀវភៅស្នាក់នៅក៤ យកប្រគល់ជូនពួកគាត់តាមខ្នងផ្ទះផងដែរ ៕