ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២របស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីបិទបើកកិច្ចប្រជុំបូកសរុបសភាពការ លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣។ ដោយមានការចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប្រតិភូអមដំណើរក្រសួង នាយករងរដ្ឋបាលសាលាខេត្ត និងថ្នាក់ដឹកមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការរង នាយ នាយការិយាល័យ អធិការក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសរុបជាង២០០នាក់ ។

លោក ឈិន សេងងួន មានប្រសាសន៍ថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តដែលបានខិតខំបំពេញការងាររក្សាបាននូវសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គមនូវទូទាំងខេត្តបានល្អប្រសើរ ជាពិសេសកិច្ចការ ការពារយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ប្រកបដោយភាពស្ងប់ស្ងាត់គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព ជាងនេះទៅទៀតឯកឧត្តមអភិបាលរងខេត្ត បានកោតសសើរចំពោះការប្រយុទ្ធតស៊ូប្រឆាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន ការរៀបចំសណ្តាប់ធ្នាប់ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដោយសហការល្អជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ។

មានប្រសាសន៍បិទលោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវបន្តជំរុញដល់កងកម្លាំងជំនាញចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋប្រើប្រាស់អោយបានទាន់ពេលវេលា បន្តផ្សព្វផ្សាយរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗជាច្រើនទៀត ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ត្រៀមកម្លាំងមធ្យោបាយសម្ភារៈពន្លត់អគ្គីភ័យដើម្បីចេញអន្តរាគមន៍២៤ម៉ោង/២៤ម៉ោងនៅរដូវប្រាំងនេះ ។

ក្នុងឱកាសនោះផងដែរលោកជំទាវ ក៍បានស្នើសុំដល់កម្លាំងនគរបាលគ្រប់មូលដ្ឋានត្រូវត្រៀមកម្លាំងដើម្បីការពារនូវព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខពិសេសការធានារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព ៕