ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៤នាក់ បញ្ជូនទៅតុលាការ ក្រោយកាប់ពលរដ្ឋម្នាក់បណ្តាលឲ្យរបួសធ្ងន់

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់អាណាព្យាបាលឪពុកម្តាយ ត្រូវជួយអប់រំកូនចៅឲ្យប្រព្រឹត្តតែអំពើល្អ ជៀសវាងការសេពគ្រឿងញៀន ។ មួយវិញទៀតយុវជនខ្លួនឯងត្រូវខិតខំធ្វើតែអំពើល្អនៅឲ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀន ដើម្បីជាទំពាំងស្នងប្ញស្សី សម្រាប់អនាគតខ្លួនឯង គ្រួសារនិងប្រទេសជាតិ កុំប្រព្រឹត្តអ្វីដែលសង្គមស្អប់ខ្ពើមខុសពីច្បាប់ គឺត្រូវមានទោសទណ្ឌ ព្រោះច្បាប់មិនអាចលើលែងបានឡើយ។

ការអំពាវនាវនេះ បន្ទាប់ពី កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសេរីសោភ័ណ បានសហការណ៍គ្នាឃាត់ខ្លួន ជនសង្ស័យ១នាក់ យកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកាប់លើយុវជនម្នាក់បណ្ដាលរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាទឱ្យដឹងថា ៖ មានពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ ពេញ នុរៈសត្យា ភេទ​ប្រុស​ អាយុ​ ១៦ ឆ្នាំ​ រស់​នៅ​ ភូមិ​តារាងបាល់​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ បានប្តឹងរាយការណ៍ថា ៖ កាល​ពីថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣​ វេលាម៉ោង០៧និង៤០នាទីយប់ មាន ឈ្មោះ ពេញ នុរៈសត្យា ភេទប្រុស និងឈ្មោះ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាអង្គុយលេងនៅចំណុចផ្លូវលេខ៧ ស្ថិតនៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តែមានជនសង្ស័យ០១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម បានធ្វើសកម្មភាពវាយ និងកាប់មកលើឈ្មោះ ពេញ នុរៈសត្យា ជាច្រើនដៃ (រងរបួសស្រាល) ចំណែកឈ្មោះ បញ្ញា ត្រូវជាច្រើនកំបិត (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យ) ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងនោះបានជិះគេចខ្លួនបាត់។ ក្នុងចំណោមជនសង្ស័យ០៤នាក់នោះ ឈ្មោះ ពេញ នុរៈសត្យា ស្គាល់០២នាក់ មាន៖១/-ឈ្មោះ ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ, ២/-ឈ្មោះ ដេត ភេទប្រុស អាយុ១៧ឆ្នាំ។

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងបានហៅឈ្មោះ អ៊ី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកសួរនាំនៅការិយាល័យជំនាញ ហើយបានឆ្លើយសារភាពថា ៖ ខ្លួន និងបក្ខពួក៣នាក់ទៀត មាន៖១/-ឈ្មោះ លឺ ភេទប្រុស អាយុ១៩ឆ្នាំ ,២/-ឈ្មោះ ទី ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ,៣/-មិនស្គាល់ឈ្មោះ ខ្លួនបានយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះជាច្រើនមួក និងច្រើនដៃ ចំណែកឈ្មោះ លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកកាន់កំបិត និងកាប់ទៅលើជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យស្ថិតក្រោមការសួរនាំរបស់នគរបាលកម្រិតស្រាល សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕