ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អគារមតេយ្យសហគមន៍១ខ្នង នៅតំបន់ដាច់ស្រយ៉ាល បានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អគារមតេយ្យសហគមន៍១ខ្នង នៅឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោយពីបានសាងសង់រួចរាល់ជាស្ថាពរដោយមានការចូលរួមជួយពីសប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកបរិបូណ៌ ។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងនៅថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង លោកជំទាវ គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីសប្បុរសជន ថ្នាក់ដឹកនាំមន្ទីរអប់រំ និងអាជ្ញាធរមូលដ្ឋានផងដែរ ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អគារមតេយ្យសហគមន៍ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះមានចំនួន០១ខ្នង មាន៣បន្ទប់ សាងសង់លើផ្ទៃដីទំហំ ២២ម៉ែត្រ គុណនឹង ៣៤ម៉ែត្រ នៅភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាសមិទ្ធផលអប់រំថ្មី កើតចេញពីការចូលរួមគ្នារវាងរាជរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជនជាច្រើនផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនូវអំណរគុណដល់វិស័យឯកជន សប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវកម្លាំងកាយចិត្ត ធនធាន ចូលរួមជាមួយរាជរដ្ឋាភិបាលជួយកសាង អភិវឌ្ឍន៍ វិស័យអប់រំ បណ្តុះបណ្តាលនូវធនធានមនុស្ស កសាងនូវអគារសិក្សា ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ សម្ភារសិក្សា។ ឧបករណ៍បច្ចេកវិទ្យា សំដៅចូលរួមពង្រឹងគុណភាពសិក្សា។

លោកជំទាវបណ្ឌិត សឿ សុជាតា បានមានប្រសាសន៍បន្តថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជារដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនិង ស្ថាបនិកសន្តិភាព បានធ្វើឱ្យកម្ពុជា ទទួលបាននូវ សុខសន្តិភាព មានការអភិវឌ្ឍ លើគ្រប់វិស័យ និងជីវភាពល្អប្រសើរតាមរយៈផលនៃការអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពនូវ «មនុស្ស ទឹក ភ្លើង ផ្លូវ» រួមគ្នាជាសសរស្តម្ភបន្តអភិវឌ្ឍក្នុងដំណើរឆ្ពោះទៅគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍន៍នាឆ្នាំ២០៥០។

លោកជំទាវបណ្ឌិតបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធជួយបញ្ជូនកូនចៅទៅសាលារៀន និងចូលរួមថែរក្សានូវសមិទ្ធផលនានាដែលបានរួមគ្នាកសាងឡើង និង នាយកសាលាអាជ្ញាធរភូមិឃុំត្រូវចូលរួមថែរក្សាសមិទ្ធិផលថ្មី សាលាមត្តេយ្យសហគមន៍នេះ ដើម្បីទុកជាសម្បត្តិរួមមួយសម្រាប់យើងទាំងអស់និងកូនចៅយើងជារៀងរហូត និងចូលរួមអនុវត្តនៅគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងភូមិ ឃុំ សង្កាត់ សគ្មានគ្រឿងញៀន។

នៅក្នុងឱកាសនោះ លោកជំទាវ គណអធិបតីបានប្រគល់ជូនកុំព្យូទ័រ ចំនួន៧គ្រឿង សម្ភារៈសិក្សា សម្ភារៈបណ្ណាល័យ ដល់សហគមន៍ផងដែរ ៕