ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងនៅស្រុកគាស់ក្រឡ នៅចំណុចភូមិខ្វែង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង​ ៖​ ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិខ្វែង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ​មួយ​កើតឡើង​ បណ្តាលឲ្យឆេះផ្ទះចំនួន ១ខ្នងទាំងស្រុង​ ផ្ទះទំហំ​ ៦ម៉ែត្រ​គុណនឹង​១២​ម៉ែត្រ សង់ពីឈើ ប្រក់សង្ក័សី ជញ្ជាំងឈើ ម្ចាស់ផ្ទះឈ្មោះ ឡុង លក អាយុ ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៅ ជីវី អាយុ ៥២ឆ្នាំ រស់នៅភូមិខ្វែង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ក្នុងហេតុការណ៍នេះបានបណ្តាលអោយម្ចាស់ផ្ទះម្នាក់ ឈ្មោះ ម៉ៅ ជីវី ត្រូវភ្លើងឆាបរងបួសលើផ្ទៃមុខ(របួសស្រាល) ។ សមត្ថកិច្ច​ បានអោយដឹងថាគឺបណ្តាលមកពីម្ចាស់ផ្ទះបានធ្វេសប្រហែស បូមសាំងដាក់ដបនៅក្បែរចង្ក្រានដែលមានរងើកភ្លើងបណ្តាលអោយឆាបឆេះ ។
សម្ភារៈ​ខូចខាត៖
-គ្រឿងសង្ហារឹម
-អីវ៉ាន់ចាប់ហួយ
-សម្ភារៈប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ និងរបស់របរផ្សេងៗទៀតមួយចំនួន សរុបជាថវិកា ប្រហែល ៨០,០០០,០០០រៀល ។
ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​គាស់ក្រឡ បាន​ដឹកនាំ​កម្លាំង​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​នៃ​អធិការ​ស្រុក​ចំនួន​០២គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គី​ភ័យ​នេះ​បាន​ទាំងស្រុង​ ៕