កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២១និង១០នាទី ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកសម្ភារៈគ្រឿងញៀនមួយចំនួន នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ៖ ជនសង្ស័យឈ្មោះ សួង ចាន់រ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបន្តថា ៖ មុនឈានដល់ការបង្រ្កាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតនៅពេលយប់ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញបុរសម្នាក់ឈប់ម៉ូតូនៅកន្លែងងងឹតគួរឱ្យសង្ស័យ កម្លាំងអាវុធហត្ថក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនប្រភេទទឹកកកចំនួន០៣កូនថង់កិប ទម្ងន់១,០៥ក្រាម និងសម្ភារៈផ្សេងៗមួយចំនួនទៀត រួមនឹងម៉ូតូ១គ្រឿងដែលជនសង្ស័យជិះ។ ក្រោយឃាត់ខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង នាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។ ជនសង្ស័យក្រោយពីសួរនាំរួចបានសារភាពថា រូបខ្លួនពិតជាបាន ជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ៖ ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ៕