រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ខេត្តកណ្តាល៖  ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៧៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ជម្រាបជូនដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ អជ្ញាធរក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ពន្ធ័ថា៖ គ្រោះដោយទឹកជំនន់សម្រាប់ ចុងឆ្នាំ ២០២២ និងដើមឆ្នាំ២០២៣ បានបណ្តាលឱ្យប៉ះពាល់ ២លើក ។

ឯកឧត្តមបន្តថា លើកទី១ មានស្រុកចំនួន០៥ ដែលរងផលប៉ះពាល់រួមមាន ៖ ស្រុកខ្សាច់កណ្តាល ស្រុកស្អាង ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ ស្មើនឹង ១២៤ភូមិ និង៣០ឃុំ ក្នុងនោះបានបណ្ដាលឱ្យប៉ះពាល់ដល់ប្រជាជនប្រមាណ ១៦៩០ គ្រួសារ ផ្ទះប្រមាណ ៧១៥ ខ្នង ។ លើកទី២ ក្រុង-ស្រុកចំនួន ០៥ រួមមាន ៖ ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នួល ស្រុកពញាឮ និងស្រុកស្អាង ស្មើ ១២២ ភូមិ ១៩ឃុំ/សង្កាត់ ក្នុងនោះប៉ះពាល់ប្រជាជនប្រមាណ ១៤៣០ គ្រួសារ ផ្ទះប្រមាណ ៧៧៦ ខ្នង ។

ឯកឧត្ដមបានបន្តទៀតថា ចំពោះខ្យល់កន្ត្រាក់ (ខ្យល់ព្យុះ) បានកើតមានចំនួន ១១ លើក ប៉ះពាល់ ៦ ស្រុក ស្មើ ៩ឃុំ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៧៤គ្រួសារ ផ្ទះ ១២៦ខ្នង ស្លាប់មនុស្ស ៥នាក់ របួស ៣នាក់ ដោយឡែក រន្ទះបាញ់កើតមានចំនួន ២លើក ខូចខាតផ្ទះបាក់បែកដំបូល ១ខ្នង ស្មើ ១គ្រួសារ តែមិនប៉ះពាល់ មនុស្ស និងសត្វឡើយ ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្នើរដល់មន្ត្រីជំនាញ់ ត្រូវចុះពិនិត្យ និងស្រង់ស្ថិតិផលប៉ះពាល់ និងការ ខូចខាតដោយគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀតនៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ឱ្យបានច្បាប់លាស់។ ឯកឧត្តមបញ្ជាក់ថាគណៈកម្មា ធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរដ្ឋបាលខេត្ត មន្ទីរ-អង្គភាព ពាក់ព័ន្វនានា សាខាកាកបាទក្រហមសប្បុរជននានា និងអង្កការក្រៅរដ្ឋាភិបាលតែងតែបានឆ្លើយតបដោះស្រាយទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។

ឯកឧត្តមបានជំរុញដល់ លេខាធិការខេត្តទទួលបន្ទុកការងារគ្រោះមហន្តរាយ ត្រូវរៀបចំផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះ ចំពោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ដោយត្រូវសហកាជាមួយមន្ទីរ អង្គភាពជុំវិញ ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូរនានា វិស័យឯកជន។ ជាពិសេសមន្ត្រីគ្រោះមហន្តរាយគ្រប់ថ្នាក់ ត្រូវយល់ដឹងអំពីការ ប្រើប្រាស់ឧបករណ៍បញ្ចូលទិន្នន័យថ្មី ព្រីស៊ឺម(PRISM) ឱ្យបានស្ទាត់ជំនាញ  ដើម្បីឆ្លើយតបជាទន្និន័យបឋម និងផ្សព្វផ្សាយប្រព័ន្ធប្រកាសអោយដឹងមុន ដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលលាផងដែរ។