ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនជនសង្ស័យ០២នាក់ និងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ១៨ថង់ធំ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖ ថ្ងៃពុធ ១០ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ០៣គោលដៅដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងវត្ថុតាងថ្នាំញៀន១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងមានការសម្របសម្រួលផ្ទាល់ដោយ លោក សោ វុទ្ធី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣  កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន០២គោលដៅ ៖ គោលដៅទី០១/- ចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ សាន ប៊ុនថេត ភេទប្រុស អាយុ១៦ឆ្នាំ និងចាប់យកបានវត្ថុតាងម្សៅពណ៌សក្រាម ចំនួប០៦ថង់ធំ ,ទូរស័ព្ទដៃ០១គ្រឿង,ថ្នាំកញ្ចប់មានឡូហ្គោម៉ាក(សឺដែស) ចំនួន០២កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ F៣ រូបសេះ (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហម អុចៗ មានអក្សរ  Supreme ​(ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់ ។ គោលលដៅទី០២/-បានបន្តចុះទៅកន្លេងការ៉ាអូខេ(ម៉ូលីណា)  G​៩ KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដកហូតបានមាន ៖ ទូរស័ព្ទដៃ០១គ្រឿងនិងរថយន្តម៉ាលុចស៊ីស RX 330 ​ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ  2BB 0175 ​។

លោក ឧត្តមសេនីយ៍ ស្នងការរង បានបញ្ជាក់ថា ៖ នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក សោ វុទ្ធី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរ​បាល​ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ វិធានញោះញង់) កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជនសង្ស័យនិងណាត់កន្លែងប្រគល់ទទួលអីវ៉ាន់ ពេលទៅដល់ជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកតែវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១២ថង់ធំ។វត្ថុតាងទាំងនោះត្រូវបាន​យកមកការិ​យាល័យប្រឆាំងគ្រឿងញៀននិងបានរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូងហើយផងដែរ ៕