ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអាវុធហត្ថ​បញ្ជូនជនសង្ស័យ​ម្នាក់​ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២១និង១០នាទី ថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានដឹកនាំកម្លាំងចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងចាប់យកសម្ភារៈគ្រឿងញៀនមួយចំនួន​ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា​ ៖ ជនសង្ស័យឈ្មោះ សួង ចាន់រ៉ុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានបន្តថា​ ៖ មុនឈានដល់ការបង្រ្កាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើការចុះល្បាតនៅពេលយប់​ លុះមកដល់ចំណុចកើតហេតុខាង​លើ ក៏បានប្រទះឃើញបុរសម្នាក់ឈប់ម៉ូតូនៅកន្លែងងងឹតគួរឱ្យសង្ស័យ កម្លាំងអាវុធហត្ថ​ក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនប្រភេទទឹកកកចំនួន០៣កូនថង់កិប ទម្ងន់១,០៥ក្រាម​ និងសម្ភារៈផ្សេងៗមួយចំនួនទៀត រួមនឹងម៉ូតូ១គ្រឿងដែលជនសង្ស័យជិះ។ ក្រោយឃាត់ខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង នាំខ្លួនជនសង្ស័យមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដើម្បីសួរនាំ​តាមនីតិវិធី។ ជនសង្ស័យក្រោយពីសួរនាំរួចបានសារភាពថា​ រូបខ្លួនពិតជាបាន​ ជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព​ និងមានវត្ថុ​តាង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ៖ ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង​ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃទី០១​ ខែមីនា​​ ឆ្នាំ​២០២៣នេះ​៕