ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសិរីគង្គា ហៅវត្តត្រពាំងខ្ចៅ ស្ថិតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាមហាសាមគ្គី នៅវត្តសិរីគង្គា ហៅវត្តត្រពាំងខ្ចៅ ស្ថិតនៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ពិធីបុណ្យផ្កាមហាសាមគ្គីនេះ ផ្ដួចផ្ដើមប្រារព្ធរៀបចំឡើងដោយព្រះវិសាលសត្ថា កង យ៉ុន ព្រះអនុគណស្រុកកំពង់ត្រឡាច ព្រះមន្រ្តីសង្ឃស្រុក ព្រះចៅអធិការគ្រប់វត្តក្នុងស្រុក លោកអាចារ្យ គណៈកម្មការគ្រប់វត្ត មហាឧបាសក មហាឧបាសិកា ពុទ្ធបរិស័ទសាលាលេខ៥ រួមនិងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យកសាងសាលាអនុគណស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នការកសាងសាលាអនុគណស្រុកកំពង់ត្រឡាច នេះ សម្រេចបាន ៤៥% រួចហើយ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត នឹងធ្វើការអំពាវនាវដល់សប្បុរសជននានា ដើម្បីប្រមែប្រមូលបច្ច័យក្នុងការកសាងសាលាអនុគណស្រុកនេះ ឱ្យបានរួចរាល់មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

សូមបញ្ជាក់ថា សាលាអនុគណស្រុកកំពង់ត្រឡាចនេះ កសាងឡើងដើម្បីជួយសម្រួលការងារមួយផ្នែកធំលើផ្នែករដ្ឋបាលព្រះសង្ឃថ្នាក់ស្រុកទាំងមូល ជាទីតាំងសម្រាប់មន្រ្តីសង្ឃស្រុក ធ្វើការប្រជុំ ដោះស្រាយអធិករណ៍នានា ដើម្បីបម្រើផលប្រយោជន៍ដល់ព្រះពុទ្ធសាសនា នៅក្នុងស្រុកកំពង់ត្រឡាចទាំងមូល ៕