ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសព្រះចៅអធិការពេញសិទ្ធិចំនួន៤អង្គក្នុងក្រុងកំពង់ឆ្នាំង ប្រកាស​ព្រះធម្មធរអនុគណ​ពេញសិទ្ធិស្រុក និង ព្រះគ្រូ​ ក្នុងស្រុករលាប្អៀរ​

នារសៀលថ្ងៃសៅរ៍១៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមហាកុដិ វត្តមុនីសុវណ្ណ ហៅ វត្តចំពុះក្អែក រាជធានីភ្នំពេញ មានពិធីប្រកាស​ តែងតាំង​ប្រគេន ព្រះចៅអធិការស្តីទីចំនួនបួនអង្គក្នុងក្រុងកំពង់ឆ្នាំង អោយឡើងទីជាព្រះចៅអធិការពេញសិទ្ធិ ប្រកាស​ ព្រះធម្មធរអនុគណ​ពេញសិទ្ធិស្រុករលាប្អៀរ និង ព្រះគ្រូ​ ក្នុងស្រុករលាប្អៀរ​ ។ពិធីនេះប្រារព្ធក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស​ កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តនិងអញ្ជើញចូលរួមចូលរួមពីព្រះសិរីសម្មឥវង្ស ទេព ផាន ព្រះរាជាគណៈ ថ្នាក់ត្រី សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង ព្រះមេត្តិសត្ថា វង្ស កុសល ព្រះអនុគណស្រុករលាប្អៀរ  ព្រះសិរីមង្គលមុនី ម៉ុច សៅលី និង ព្រះគ្រូសិរីធម្មវង្សា​ សេង ដា ព្រះជំនួយការសាលាគណខេត្តកំពង់ឆ្នាំង និមន្តចូលរួមផងដែរ។

យោងប្រកាសនីយប័ត្រ គណៈសង្ឃពុទ្ធសាសនា សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្រេចតែងតាំងព្រះចៅអធិការស្តីទីចំនួនបួនអង្គក្នុងក្រុងកំពង់ឆ្នាំង​ និង​ អោយឡើងទីជា​ ព្រះចៅអធិការពេញសិទ្ធិ​ និង​ ព្រះធម្មធរអនុគណ​ ស្រុករលាប្អៀរ​ ព្រះគ្រូ​ ​ដូចមានព្រះនាមខាងក្រោមៈ

១.ត្រូវបានតែងតាំង​ ព្រះសរណមង្គល​ ប៉ុណ្យ ប៊ុនជីង ព្រះចៅអធិការស្តីទី ឲ្យឡេីងទីជា​ ព្រះចៅអធិការ​ពេញសិទ្ធិ វត្ត ពោធិសិលារាម ហៅវត្តសំរោងស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

២.ត្រូវបានតែងតាំង​ ព្រះសិរីធម្មញ្ញាណ​ នុច មុនី ព្រះចៅអធិការស្តីទី ឲ្យឡេីងទីជា​ ព្រះចៅអធិការ​ពេញសិទ្ធិ វត្តសោណ្ឌ្យារាម ហៅវត្តត្រពាំងបី ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៣.ត្រូវបានតែងតាំង​ ព្រះវិមូលញ្ញាណ​ ឆន ឆុង ព្រះចៅអធិការស្តីទី ឲ្យឡេីងទីជា​ ព្រះចៅអធិការ​ពេញសិទ្ធិវត្ត ទេពធិតារាម ហៅវត្តយាយទេព ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

៤.ត្រូវបានតែងតាំង​ ព្រះមង្គលានុរ័ក្ខ​ អំ សៃ ព្រះចៅអធិការស្តីទី ឲ្យឡេីងទីជា​ ព្រះចៅអធិការ​ពេញសិទ្ធិ វត្តកាសេមរតនារាម ហៅវត្តធម្មយុត្តិ ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

៥.ត្រូវបានតែងតាំង​ ព្រះគ្រូសិរីបញ្ញាញាណ​ អ៊ុច​ សុផល​ ព្រះសមុហ៍​ អនុគណ​ អោយឡេីងទីជា​ ព្រះធម្មធរអនុគណ​ ស្រុករលាប្អៀរ​។

៦.ត្រូវបានតែងតាំង​ ព្រះភិក្ខុ​ ជុំ​ វាសនា​ អោយឡេីងទីជា​ ព្រះគ្រូសរណមុនីវិសុទ្ធិ

៧.ត្រូវបានតែងតាំង​ ព្រះភិក្ខុ​ បេង​ សំបូរ​ អោយឡេីងទីជា​ ព្រះគ្រូសរណមុនីបញ្ញា​ នៃគណ:មហានិកាយ​ តទៅ

៨.ត្រូវបានតែងតាំង ភិក្ខុ ជឹម វាស្នា ព្រះចៅអធិការស្តីទី ឱ្យឡើងជាព្រះចៅអធិការវត្តសិប្បណិវ័ន តទៅ ស្ថិតនៅក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ  សម្តេចពោធិវ័ង្ស​ កិត្តិបណ្ឌិត​ អំ លឹមហេង បានមានព្រះបន្ទូលថា ការប្រកាសនិងប្រគេនព្រះចៅអធិការពេញសិទ្ធិ នាពេលនេះគឺដើម្បីបំពេញសេចក្តីត្រូវការ នូវតួនាទីភារកិច្ចរបស់មន្រ្តីសង្ឃ និង ជាការទទួលខុសត្រូវ លើកិច្ចការងារពង្រឹងវិស័យព្រះពុទ្ធសាសនានៅកម្ពុជាអោយកាន់តែរឹងមាំ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា របស់ពុទ្ធសាសនិកជន ប្រកបដោយភាពជឿជាក់  តាមរដ្ឋធម្មនុញ្ញ ដែលបានចាត់ទុកថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ តួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ការអប់រំផ្នែកស្មារតី និងសីលធម៌សង្គម ដូចនេះក្នុងនាមជា ព្រះសង្ឃបានបំពេញតួនាទីរបស់ខ្លួនទៅតាមពុទ្ធានុញ្ញាតិ ដើម្បីជាគន្លងមួយសម្រាប់ព្រះសង្ឃក្នុងវត្តអនុវត្ត ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងដឹកនាំ ថែរក្សាវិស័យព្រះពុទ្ធសាសនាអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗនិងថែរក្សាវិស័យព្រះពុទ្ធសាសនាអោយស្ថិតស្ថេរគង់វង្សសម្រាប់ប្រជាពុទ្ធបរិស័ទជំនាន់ក្រោយគោរពបូជា៕