រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្តីពី ការណែនាំពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក​ ង៉ោ​ ម៉េងជ្រួន​  អភិបាលខេត្តស្តីទី​ អញ្ជើញ​ជាអធិបតី​ភាព​ ក្នុងកិច្ចប្រជុំស្តីពី ការណែ​នាំពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាង កម្ម​វិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​។ កិច្ចប្រជុំនេះមានការចូលរួមពីលោកឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក-លោកស្រី​ មន្ទីរ​ ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​ បានចូលរួមធ្វើឡើងនៅសាលប្រជុំ​ធំ​ សាលាខេត្ត​បន្ទាយមាន​ជ័យ។

នាឱកាសនោះលោក​ ង៉ោ​ ម៉េងជ្រួន​ បានមានប្រសាសន៍​ថា​ ៖​ ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការធ្វើឬបំប្លែងនូវខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្តឲ្យក្លាយទៅជាសកម្មភាព​ ឬគម្រោងជាក់ស្តែងដោយភ្ជាប់នូវការ ចំណាយកញ្ចប់ថវិកាខេត្ត មន្ទីរ/អង្គភាព ថវិកាក្រុង-ស្រុក និងឃុំ-សង្កាត់ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្ត សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ លោកបន្តថា​ ៖​ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺពិតជាមិនអាចខ្វះបាននូវការចូលរួម និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពីព្រោះថា ការចូលរួម គឺជាកត្តាដ៏មានសារៈសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឈានទៅសម្រេចបាននូវកម្មវិធីវិនិយោគមួយ ដែលមានការឯកភាពស៊ីសង្វាក់គ្នា មានគុណភាព តម្លាភាព គណនេយ្យភាព ការឆ្លើយតប និងប្រកបដោយប្រសិទ្ធភាព ដើម្បីភាពរីកចម្រើន និងសម្បូរ រុងរឿង។

អភិបាលខេត្តស្តីទី​ លើកឡើងថា​ ៖​ ដើម្បីសម្រេចបាននូវកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពច្បាស់​លាស់អាចយកទៅអនុវត្តបាន ទាមទារឲ្យមានការចូលរួមសហការ​ពីគ្រប់មន្ទីរ/អង្គភាព រដ្ឋបាល ក្រុង-ស្រុក-ឃុំ-សង្កាត់ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត៕