ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង អញ្ជើញបើកវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក នៅមណ្ឌលរលាប្អៀរ សាលាបឋមសិក្សាទួលខ្សាច់ វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ ព្រះសីលាភិរ័ត ហែម ឡូត ព្រះវិន័យធរគណខេត្តកំពង់ឆ្នាំង តំណាងព្រះទេពមុនី សុខ ថាន មេគណខេត្តបានមានសង្ឃដីកា ផ្តាំផ្ញើដល់សមណសិស្ស-សិស្សដែលជាបេក្ខជនប្រឡងទាំងអស់ ត្រូវ បញ្ចេញ ចំណេះដឹងសមត្ថភាពផ្ទាល់ខ្លួន និង គោរពនូវបទបញ្ជាផ្ទៃក្នុងការប្រឡងអោយបានល្អ ។

ព្រះអង្គបានមានសង្ឃដីកាផ្តាំផ្ញើបែបនេះ នាព្រឹកនៅថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលព្រះអង្គចូលរួមបើកវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក នៅមណ្ឌលរលាប្អៀរ សាលាបឋមសិក្សាទួលខ្សាច់ វត្តវាលុកថុល្លារាម ហៅវត្តទួលខ្សាច់ ស្ថិតក្នុង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត និង អញ្ជើញចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ឆ្នាំង លោកស្រី ប៉ុន ស៊ីណា ប្រធានប្រតិភូនៃក្រសួងធម្មការនិងសាសនា លោកស្រី សាឯម គន្ធា អនុប្រធានប្រតិភូ លោក ខុន សុខនីន លោក ឈឿន ហែម សមាជិកប្រតិភូ និងមានការនិមន្តចូលរួមពី ព្រះរតនមុនីញាណ កែវ មុនី ព្រះធម្មធរគណខេត្ត ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត ព្រះសិរីធម្មញាណ
នុច មុនី ព្រះលេខាធិការគណខេត្ត ព្រះមេត្តិសត្ថា វង្ស កុសលព្រះអនុគណស្រុករលាប្អៀរ ព្រះអង្គ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះសិរីធម្មវង្សា សេង ដា ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះជំនួយការសាលាគណខេត្ត ព្រះគ្រូសិរីបញ្ញាណ អ៊ុច សុផល ព្រះធម្មធរស្តីទីសាលាអនុគណស្រុករលាប្អៀរ និង គណកម្មការគ្រប់គ្រងការប្រឡងផងដែរ។

ព្រះសីលាភិរ័ត ហែម ឡូត បានមានសង្ឃដីកាបន្តថា ការប្រឡង វិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក ត្រូវអនុវត្តអោយស្របតាម គោលការណ៍របស់ក្រសួងធម្មការ និង សាសនា បានណែនាំដើម្បីធានារក្សាអោយបានការប្រឡងនេះអោយប្រព្រឹត្ត ទៅដោយរលូនប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ បេក្ខជនដែលសមណសិស្ស-សិស្សទាំងអស់មានសមត្ថភាពផ្ទាល់ខ្លួនគឺជាប់។

ក្នុងឱកាសនោះ លោកស្រី ប៉ុន ស៊ីណាត ក៏បាន ផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងការប្រឡង និងសមណសិស្ស-សិស្ស ដែលមកប្រឡងទាំងអស់ត្រូវគោរពអោយបានតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា និង អនុវត្តអោយបាននូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺ៣ការពារ និង ៣កុំ អោយបានជាប់ជាប្រចាំដើម្បីខ្លួនយើង អ្នកជិតខាងយើង និង សហគមន៍យើងជៀសផុតពីការឆ្ងងជំងឺកូវីដ-១៩។

លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ ឯក នៅខេត្តកំពង់ឆ្នាំងចែកចេញជា៦មណ្ឌលប្រឡង មានមណ្ឌលប្រឡង ស្រុករលាប្អៀរ,ស្រុកកំពង់លែង,ស្រុកទឹកផុស,ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុកបរិបូណ៌ មាន ចំនួន៤៨បន្ទប់ បេក្ខជនដែលជាសមណសិស្ស-សិស្ស សរុបចំនួន៩៨០អង្គ/នាក់ ៕