រដ្ឋបាលរាជធានី-ខេត្ត

គណៈប្រតិភូខេត្តកណ្ដាលអញ្ជើញសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង ប្រទេសវៀតណាម

ខេត្តកណ្ដាល៖ រសៀលថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង ប្រទេសវៀតណាម។

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណ:ប្រតិភូមានប្រសាសន៍ថា៖ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល មានសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះ ឯកឧត្តម​ ឡេ វ៉ាន់ហ្វឿក​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាប្រធានប្រតិភូវៀតណាម រួមជាមួយថ្នាក់ដឹកនាំ និងប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមខាងមុខនេះ សូមបានជួបតែសុភមង្គល និងវិបុលភាព។

ឯកឧត្តមអភិបាលរងខេត្ត បានមានបន្ថែមទៀតថា៖ រដ្ឋបាលខេត្តកណ្ដាល សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងរដ្ឋបាលខេត្តកណ្ដាល និងខេត្តអានយ៉ាង បើទោះបីជាវិបត្តិកូវីដកន្លងមក បានធ្វើឱ្យខេត្តយើងទាំងពីរ បានបិទព្រំដែនក្ដី តែខេត្តរបស់យើងទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អលើគ្រប់វិស័យ ហើយសូមឱ្យខេត្តយើងទាំងពីរ កណ្ដាល-អានយ៉ាងនឹងបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ។

ឯកឧត្តម​ ឡេ វ៉ាន់ហ្វឿក​ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាប្រធានប្រតិភូវៀតណាម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:ប្រតិភូខេត្តកណ្ដាល ដែលបានឆ្លៀតឱកាសចំណាយពេលវេលាដ៏មានតំលៃអញ្ចើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំខេត្តអានយ៉ាង  ក៏ដូចជាប្រជាជនវៀតណាមនាពេលនេះ។