ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតស្នងការរងនគរបាលខេត្តកំពត

ខេត្តកំពត៖ ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បាន ដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ និង នាំយកថវិកា លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ប្រគល់ជូន ដល់គ្រួសារសពលោក នួន សារី អតីតស្នងការរងនគរបាលខេត្ត ។រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលបានទទួលមរណ:ភាព ដោយជម្ងឺរោគាពាធ កាលពីថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ២០២២។
ដោយអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកស្នងការនគរបាលខេត្ត តែងតែអញ្ជើញចូលរួម និងចាត់ចែងមន្ត្រីឱ្យចូលរួមព្រមទាំងដោះស្រាយជាបន្ទាន់ នូវសម្ភារ: និងថវិការ ជូនដល់គ្រួសារ មន្ត្រីនគរបាលជាតិណាដែលមានទុក្ខធុរៈមិនដែលខកខាន។ សម្ភារ:រួមមាន៖
ថវិកាលោកឧត្តមសេនីយ៍ទោ ស្នងការ ចំនួន ៥០០.០០០ ៛(ហាសិបម៉ឺនរៀល)
-អង្ករចំនួន ០២បាវ ទម្ងន់១០០ kg
-ទឹកបរិសុទ្ធ ១០ កេះ
– ភេសជ្ជៈ ៥កេះ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងមហាផៃ្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក ឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត សួរសុខទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដើម្បីសំដែងការដឹងគុណ ហើយសោកស្តាយ ជាទីបំផុត ចំពោះការបាត់បង់នូវធនធានមនុស្សយើងដែលធ្លាប់មានស្នាដៃ ក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមកអស់ពីកម្លាំងកាយចិត្តធ្វើអោយយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។
ទន្ទឹមនឹងគ្នានេះផងដែរ គ្រួសារសាច់ញាតិ នៃសពក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលលោកតែងតែបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែលមានទុក្ខ ដូចពេលនេះ ៕