ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ក្នុងករណី​លួចគាស់​ទំលុះទំលាយផ្ទះប្រជាពលរដ្ឋ​ ​

បន្ទាយមានជ័យ ៖ ថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងករណីគាស់ផ្ទះរបស់ប្រជាពលរដ្ឋ​ ប្រព្រឹត្តកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១០និង៤៣នាទីព្រឹក ថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ​២០២២ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ៖ យោងតាមពាក្យបណ្តឹងរបស់​ជនរងគ្រោះឈ្មោះ​ ឯក រ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ ឌី ម៉ូវ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ ៖​ កាលពីវេលាម៉ោង២១និង០០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ជននេះបានធ្វើសកម្មភាពលួចគាស់បន្ទប់ជួលមួយកន្លែងនៅម្ដុំនាគទិព្វ ពេលគាស់បន្ទប់បានហើយ ជនសង្ស័យ​បានចូលទៅក្នុងបន្ទប់ជួលតែគ្មានសម្ភារៈលួច ក៏បានដើរចេញមកវិញ ក៏ត្រូវបានម្ចាស់ផ្ទះមកទាន់ហើយប្តឹងអាវុធហត្ថឱ្យឃាត់ខ្លួនភ្លាមៗតែម្តង។ក្រោយពីឃាត់ខ្លួន​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង​ បានសួរនាំជនសង្ស័យ​សារ​ភាពថា​ រូបខ្លួនពិតជា​បានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះពិតប្រាដងមែន ៕