ព័ត៌មានក្នុងប្រទេស

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជួបសំណេះ​សំណាលជាមួយមនុស្សចាស់ ជនពិការ និងអតីត​យុទ្ធ​ជន សរុបចំនួន៣៤៣នាក់ នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ ថ្ងៃសៅរ៍ ៩ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង​ញៀន ប្រធានកិត្តិយស សមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងាររាជ​រដ្ឋា​ភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ បានជួបសំណេះ​សំណាលជាមួយមនុស្សចាស់ ជនពិការ និងអតីតយុទ្ធជន សរុបចំនួន៣៤៣នាក់ នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

ថ្លែងក្នងឱកាស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលតែងតែយកចិត្តទុកដាក់ជាប្រចាំដល់ប្រជាពលរដ្ឋទាំងអស់ពិសេសអ្នកបឹងជង្រុកតេជោឈ្នះឈ្នះ និងបានកោតសសើរដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋាននេះបានរីកចម្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តថា ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានចាត់ទុកបញ្ហាមនុស្សចាស់ជាបញ្ហាចម្បងអាទិភាពដែលត្រូវតែគិតគូរ យកចិត្តទុកដាក់មើលថែជាចាំបាច់ និងសូមឱ្យកូនចៅជំនាន់ក្រោយត្រូវតែមើលថែឱពុកម្តាយរបស់ខ្លួនឱ្យបានល្អ។​ ជាពិសេស បង្កើនការយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព មនុស្សចាស់ឲ្យកាន់តែល្អប្រសើរឡើង បង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងបង្កើតសមាគមមនុស្សចាស់បន្ថែមនៅតាមសហគមន៍មូលដ្ឋាន ឲ្យមានគ្រប់ឃុំ-សង្កាត់ ដើម្បីបង្កើនស្មារតីជួយគ្នាទៅវិញទៅមក។​

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានចែកជូនអំណោយដល់អ្នកចូលរួមចំនួន៣៤៣នាក់ ដោយម្នាក់ៗទទួលបានឃីត១កព្ចាប់រួមមាន ៖ អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកដោះគោ២កំប៉ុង តែ១កញ្ចប់ ស្កសរ១គីឡូ កៅអៀកខ្លា៥បន្ទះ អំបិលអ៊ីយ៉ូត១គីឡូ បំពង់ហឺត២ដប ប្រេងឆាដប១លីត្រ ១ដប សារុង១ ក្រម៉ា១ ថវិកា២ម៉ឺនរៀល និងបានឧបត្ថម្ភក្រុមការងារសម្ដេចតេជោ.ក្រុមការងារស្រុកម៉ាឡៃ.ក្រុមការងារកងកម្លាំង.ប្រជាការពារភូមិតេជោឈ្នះឈ្នះ.អនុសាខានិងសាខាបក្សភូមិ.ក្រុមគ្រូពេទ្យ​.លោកគ្រូ អ្នកគ្រូ.យុវជនសម្ពន្ធស្រលាញ់សន្តិភាព.សឹករងស្រុក.នរគបាលស្រុក.អាវុធហត្ថស្រុក សរុបថវិការួម ៧.៥០០.០០០រៀល(៧លាន៥សែនរៀល) ៕